ព្រៃវែង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយអន្ទរ និងកម្លាំងជំនាញខេត្តរតនគិរី ដោយមានការបញ្ជាពីលោក មាស សុភក្តិ ព្រះរាជ្ញាអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួនមុខសញ្ញាលួច និងកាច់សោម៉ូតូយ៉ាងសកម្ម ២នាក់។
លោកវរសេនីយ៍ឯក សេង សុភក្តិ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះ ឆេង ប៊ុនជុន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិប៉ាជាន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តរតនគិរី ១៣ខែ) និងទី២.ឈ្មោះ ស៊ុន ស្រ៊ាង ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាក ខេត្តព្រៃវែង។ ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចបានបន្តចុះទៅឆែកឆេរលំនៅឋានមួយកន្លែងទៀត របស់ជនសង្ស័យឈ្មោះ ស៊ុន ស្រ៊ាង នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ និងផ្ទះរបស់ឈ្មោះ ចាន់ ឡា ភេទស្រី អាយុ ៣៣ឆ្នាំ នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ (ត្រូវជាប្រពន្ធចុង)។ ជាលទ្ធផលសមត្ថកិច្ចរកឃើញ ម៉ូតូចាស់ៗ ចំនួន ២គ្រឿង ម៉ាកគុបជ្រុង ១គ្រឿង ពណ៌ទឹកខៀវ, ម៉ាកស៊ុយសូគី ១គ្រឿង ពណ៌ខ្មៅ កន្ត្រកម៉ូតូ ចំនួន៣, ខ្នងកង់ម៉ូតូ២ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីចាត់ការបន្តច្បាប់ ៕