Tuesday, November 10, 2015

ឃាតក​ស្រី​វ័យ១៦ឆ្នាំ សម្លាប់កុមារីវ័យ៨ឆ្នាំ យកគ្រឿងអលង្ការ

កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ តំណាង​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​ឃាតក​ស្រី​វ័យ​១៦​ឆ្នាំ ដែល​បាន​សម្លាប់​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់ នៅ​ឯ​ស្រុក​អង្គស្នួល ប្លន់​យក​គ្រឿងអលង្ការ ដាក់ពន្ធនាគារ​ខេត្ត​ពីបទ “​ឃាតកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​” តាម​មាត្រា​២០២ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ឃាតក​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ខាងលើ​នេះ​មានឈ្មោះ អឿន សុភាព ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​
​ប្រភព​ដដែល​បាន​បន្តថា ឃាតក​រូបនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ គៀត សៀ​វលី អាយុ​៨​ឆ្នាំ ច្របាច់​ក​សម្លាប់​ចោល​នៅ​ក្នុង​វាលស្រែ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​។​
​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​បញ្ជាក់ថា នារី​ដៃដល់​បានធ្វើ​សកម្មភាព​សម្លាប់​កុមារី​រងគ្រោះ ដែល​ជា​ជា​សិស្ស​រៀន​ថ្នាក់​មេ​តេ​យ្យ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុកម្តាយ ក្នុងភូមិ​ទន្លាប​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ដើម្បី​ប្លន់​យក​ក្រ​វឹល​មាស​១​គូរ ទម្ងន់​៣​ហ៊ុន និង​ចិញ្ចៀនប្លាក​ទីន​១​វង់ តម្លៃ​៣០​ដុល្លារ​។ ក្រោយពី​ធ្វើ​សកម្មភាព​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​តែម្តង ៕