Monday, November 16, 2015

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រទះ​ឡាង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១១:៤៥​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ខ្នង​ប្រឡាយ​មួយកន្លែង ស្ថិតក្នុង​ភូមិភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទី​១.​ឈ្មោះ អ៊ូ សារិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​២.​ឈ្មោះ សូរ បណ្ឌិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​, ទី​៣.​ឈ្មោះ មុំ ចាន់​រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​ទឹកកក និង​ទី​៤.​ឈ្មោះ មុំ វណ្ណដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ ស្នាក់នៅ​ភូមិភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​។​
​សមត្ថកិច្ច​ប្រាប់ឲ្យដឹង​ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡាង ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ល្អ​នៅក្នុង​មូលដ្ឋាន ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ចុះ​តាមដាន​ដល់​កន្លែងកើតហេតុ ប្រទះ​ឃើញ​ឈ្មោះ សូរ បណ្ឌិត កំពុង​ឈរ​រេរា​ក្បែរ​នោះ សមត្ថកិច្ច​ក៏​ហៅ​សួរនាំ​ឆែកឆេរ​រកឃើញ ក្រាម​ពណ៌​ស​ថ្លា ចំនួន ២​កញ្ចប់ រហូត​ឈាន​ដល់​បន្ត​ឃាត់​បក្ខពួក​ចំនួន ៣​នាក់ និង​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១​កញ្ចប់​បន្ថែមទៀត នាំមក​ធ្វើ​ការសាកសួរ​។​
​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យដឹងថា ក្រោយពី​ឃាត់ខ្លួន​សួរនាំ ក្រុម​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ទាំង ៣​កញ្ចប់​នេះ គឺ​ពួកគេ​ទិញ​ក្នុង​តម្លៃ​៣៤​ម៉ឺន​រៀល ទុក​សម្រាប់​ជួញដូរ និង​ប្រើប្រាស់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​វត្ថុតាង ឃាត់ខ្លួន​ពួកគេ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សាកសួរ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាម​ច្បប់ ៕​