ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងខុសច្បាប់។
ប្រតិបតិ្តការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិសាស្ត្រសង្កាត់ប្រទះឡាង ខណ្ឌដង្កោ និងភូមិសាស្ត្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកអនុសេនីយ៍ទោ នៅ ទិត្យ នាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១១:៤៥នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ច បាន ចុះ បង្ក្រាបទីតាំងជួញដូរគ្រឿញៀនមួយកន្លែង ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ទី១.ឈ្មោះ អ៊ូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២.ឈ្មោះ សូ បណ្ឌិត ភេទប្រុស អាយុ២៣ឆ្នាំ, ទី៣.ឈ្មោះ មុំ ចាន់រតនា ភេទប្រុស អាយុ២០ឆ្នាំ និងទី៤.ឈ្មោះ មុំ វណ្ណដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនសង្ស័យ៤នាក់នេះ មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច ស្មើនឹងតម្លៃជាង៣០ម៉ឺនរៀល។
លោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោដដែលបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបាននូវចម្លើយសារភាពជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវឈានទៅដល់ធ្វើការបង្ក្រាបទីតាំងមួយកន្លែងទៀត នៅវេលាម៉ោង៩:៤០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣១ឆ្នាំ ដកហូតបានសម្ភារប្រើប្រាស់មួយចំនួននៅនឹងកន្លែង។ បន្ទាប់មកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដដែលសមត្ថកិច្ចបានបន្តចុះទៅក្នុងភូមិព្រៃពូ សង្កាត់ចោមចៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀត ទី១.ឈ្មោះ ឡឹម អាម៉ី ភេទស្រី អាយុ១៨ឆ្នាំ, ទី២.ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំងពីរជាសង្សារគ្នា) សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀន ក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូច និងសម្ភារប្រើប្រាសមួយចំនួនផងដែរ និងទី៣.ឈ្មោះ ណុប ភានិត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃពូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកអនុសេនីយ៍ទោ នៅ ទិត្យ បន្តថា ដោយទទួលបានការបញ្ជា និងដឹកនាំផ្ទាល់ពីអធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជឹម ស៊ីថា និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួមនិងសម្ភារពាក់ព័ន្ធបទល្មើស វត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ដើម្បីកសាងសុំណំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ៕

