Monday, November 16, 2015

ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ រឹបអូស​ថ្នាំញៀន​មួយកញ្ចប់​

​កណ្តាល ៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្អាង ឡោម​ព័ទ្ធ​ចាប់ខ្លួន​នៅ​លើ​លំនៅ​ឋាន​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១០:៥០​នាទី ថ្ងៃទី​១៦ ខែវិច្ឆិការ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ព្រែក​រុន ឃុំ​ព្រែគ​យ ស្រុក​ស្អាង រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ចំនួន ១​កញ្ចប់ ម៉ូតូ ១​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្ប​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។​​ប្រតិបត្តិការ​បង្ក្រាប​ឆែកឆេរ​ខាងលើនេះ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក និង​ដោយ​មាន​ការឯកភាព​ពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។​
​អធិការនគរបាល​ស្រុក​ស្អាង លោក​វរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ុង សុង​ហេង ហៅ​ខ្លា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង​, ទី​២-​ឈ្មោះ ជឺ លីម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រើយ​ត្រឹង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង និង​ទី​៣-​ឈ្មោះ ញ៉ លី​ហូ​វ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​វ៉ា ឃុំ​ទឹក​វិល ស្រុក​ស្អាង​។​
​លោក​វរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា វត្ថុតាង​ដែល​ដកហូត​រួមមាន ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន ១​កញ្ចប់ ម៉ូតូ ១​គ្រឿង​ម៉ាក YAMAHA XT (mini) ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ កាបូបដៃ​ពណ៌​ខ្មៅ ចំនួន​១ មាន​ប្រាក់ ៦០,០០០​រៀល និង​សម្ភារ​សម្រាប់​ជក​គ្រឿងញៀន​មួយចំនួន​។​
​លោក​អធិការ​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​សង្ស័យថា នៅលើ​ផ្ទះ​ជន​ស​ង្ស័​ឈ្មោះ ម៉ុង សុខ​ហេង ហៅ​ខា មាន​ជនសង្ស័យ​ផ្សេង​ទៀត​សម្ងំ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​រួចមក លោក​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​សុំ​ការឯកភាព​ពី​លោក លឹម សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ចុះ​ឡោម​ព័ន្ធ​ឆែកឆេរ​លំនៅឋាន​ជនសង្ស័យ​ឈាន​ដល់​រកឃើញ​វត្ថុតាង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​មាន​វត្តមាន​នៅលើ​ផ្ទះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕