MANILA៖ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកានេះ មន្ត្រីហ្វីលីពីនម្នាក់បាននិយាយាថា ហ្វីលីពីន និងវៀតណាមនឹងចុះហត្ថលេខាជាដៃគូយុទ្ធសាស្ត្រនឹងគ្នា ដោយពង្រឹងសម្ព័ន្ធមិត្តភាពបន្ថែមទៀត ដើម្បីដោះស្រាយជម្លោះដែនទឹកនៃប្រទេសទាំងពីរជាមួយប្រទេសចិន ។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Charles Jose បានប្រាប់ AFP ថា ប្រធានាធិបតីហ្វីលីពីន Benigno Aquino និងសមភាគីវៀតណាម Truong Tan Sang ដែលមកធ្វើទស្សនកិច្ច នឹងធ្វើជាសាក្សីចំពោះការចុះហត្ថលេខាលើសំនុំឯកសារទាំងនេះ ។
អគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនលោក Truong Trieu Duong បានប្រាប់អ្នកយកព័ត៌មានកាលពីខែកញ្ញា ក្នុងពេលកិច្ចពិភាក្សាពីគម្រោងភាពជាដៃគូនេះ ថា ពួកយើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកយើងឲ្យកាន់តែស៊ីជម្រៅ ដើម្បីដោះស្រាយរាល់វិបត្តិនានាដែលពាក់ព័ន្ធនឹងដែនសមុទ្រចិនភាគខាងត្បូង ។ ក្រៅពីកិច្ចប្រជុំ APEC លោកមានគម្រោងធ្វើកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក Barack Obama និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ផងដែរ ។
ក្រុមជំនួយការរបស់លោក Obama បាននិយាយថា ដែនសមុទ្រចិនភាគខាងត្បូងគឺជាបញ្ហាចម្បងសម្រាប់លោក Obama អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ។ ប្រធានាធិបតីចិន Xi Jinping ក៏នឹងមកដល់ទីក្រុងម៉ានីលនៅថ្ងៃអង្គារ៍នេះផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ។ ប្រទេសចិនបានទទូចថា ជម្លោះនេះមិនគួរត្រូវបានដាក់បញ្ជូលក្នុងកិច្ចប្រជុំនេះឡើយ ។ យោងតាមក្រុមមន្ត្រីហ្វីលីពីនបានឲ្យដឹងថា លោក Aquino មិនអាចធានាបានថា នឹងធ្វើមានជាមួយលោក Xi នោះទេ ៕