Tuesday, November 3, 2015

កងទ័ពជើងទឹក​អាមេរិក​ល្បាត​ ក្នុង​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង​

WASHINGTON៖ កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែវិច្ឆិកា មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់​បាន​និយាយថា កងទ័ពជើងទឹក​អាមេរិក​មាន​ផែនការ​ធ្វើការ​ល្បាត​បន្ថែមទៀត ក្នុង​រយៈ​ចម្ងាយ​១២​ម៉ា​យ​ពី​កោះ​សិប្បនិម្មិត​ក្នុង​ដែនសមុទ្រ​ចិន​ភាគខាងត្បូង ចំនួន​២​ដង​ក្នុង​មួយ​ត្រីមាស ដើម្បី​រំឭក​ដល់​ប្រទេស​ចិន និង​ប្រទេស​ដ៏​ទៃ​ទៀត​អំពី​សិទ្ធ​របស់​សហរដ្ឋអាមេរិក​តាម​ច្បាប់​អន្តរជាតិ ។
​មន្ត្រី​រូប​នេះ ដែល​មិន​បាន​ផ្ដល់​សិទ្ធិ​ក្នុង​ការនិយាយ​ជា​សាធារណៈ​អំពី​ផែនការ​ប្រតិបត្តិកា​ររ​បស់​កងទ័ពជើងទឹក​អាមេរិក បាន​និយាយថា ពួក​យើង​នឹង​ធ្វើ​ប្រតិបត្តិការ​ល្បាត​ចំនួន​២​ដង​ក្នុង​មួយ​ត្រីមាស ឬក៏​តិចជាង​នេះ ។ នេះ​គឺជា​ចំនួន​សមស្រប​នៃ​ប្រតិបត្តិការ​យ៉ាង​ទៀងទាត់ ប៉ុន្តែ​មិនមែន​ជា​ការរំខាន​ឥត​ឈប់ឈ​នោះ​ទេ​។ ប្រតិបត្តិការ​ទៀងទាត់​នេះ​ឆ្លើយតប​ទៅនឹង​គោលបំណង​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​យើង​ឲ្យ​តាមច្បាប់​អន្តរជាតិ ហើយ​ជា​ការ​រំលឹក​ដល់​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​អំពី​ទស្សនៈ​របស់​ពួកយើង ។
​លោក​ឧត្ដមនាវីឯក​អាមេរិក John Aquilino អនុប្រធាន​នៃ​ប្រតិបត្តិការ​កងទ័ព​ជើង​ទឹក សម្រាប់​ការធ្វើ​ប្រតិបត្តិការ ផែនការ និង​យុត្តិសាស្ត្រ បាន​បដិសេធ ផ្ដល់យោបល់ អំពី​ពេលវេលា​ដែល​ប្រតិបត្តិ​ល្បាត​បន្ទាប់​នឹង​ចាប់ផ្ដើម ។ លោក​បាន​ប្រាប់ Reuters ក្រោយពី​លោក​បាន​ធ្វើ​ការកត់សម្គាល់​ក្នុង​កិច្ចប្រជុំ​ថា ពួក​យើង​ធ្វើ​ប្រតិបត្តិការ​បែបនេះ​រៀង​រាល់​ពេល​ជុំវិញ​ពិភពលោក ហើយ​ប្រតិបត្តិការ​នេះ ពួកយើង​នៅ​តែ​បន្ត ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក Ash Carter នឹង​ធ្វើ​ទស្សនកិច្ច​ចំពោះ​នាវា​កងទ័ពជើងទឹក​អាមេរិក​មួយគ្រឿង អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​នាពេលខាងមុខ ប៉ុន្តែ​មិន​រំពឹងថា នឹង​នៅ​លើ​នាវា​នោះ​ឡើយ អំឡុង​ពេល​ណាមួយ​នៃ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ ៕