Tuesday, November 3, 2015

ឃាត់​ម៉ូតូ និង​រថយន្ត​ប្រើប្រាស់​ស្លាក​លេខ​នគរបាលខុសច្បាប់ បាន​ជិត​៣០​គ្រឿង​

​ភ្នំពេញ ៖ អនុវត្តតាម​ផែនការ​សកម្មភាព របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ក្នុង​រយៈពេល​២​ថ្ងៃ កងកម្លាំង​នគរបាល​ចរាចរណ៍ និង​សណ្តា​ប់ធា្ន​ប់ បាន​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍ នៅតាម​ដងផ្លូវ ចាប់​ឃាត់​រថយន្ត និង​ម៉ូតូ​ពាក់​ស្លាក​លេខ​នគរបាលខុសច្បាប់ បាន​ប្រមាណ ២៥​គ្រឿង និង​រថយន្ត​១​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​អ្នកប្រើប្រាស់​យានយន្ត​ល្មើសច្បាប់ មួយចំនួន​ទៀត​ផងដែរ​។​
​លោក​វរសេនីយ៍ឯក សុខ ណុប អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងឱកាស​ដឹកនាំ​កម្លាំង​ត្រួតពិនិត្យ​យានយន្ត​នៅ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ថា ការចុះ​ត្រួតពិនិត្យ​ចាប់​ឃាត់​យានយន្ត​ពាក់​ស្លាក​លេខ​ខុសច្បាប់ គឺ​បាន​ចាប់ផ្តើម​ចុះបង្ក្រាប និង​អនុវត្ត​ច្បាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ រហូត​ទៅ​នៅ​ទូទាំង​ប្រទេស​។​
​ការដឹកនាំ​កម្លាំង​ចុះ​ល្បាត​ចាប់​ឃាត់​រថយន្ត និង​ម៉ូតូ​ពាក់​ស្លាក​លេខ​នគរបាល​ខុសច្បាប់ នៅតាម​បណ្តា​ដងផ្លូវ​នោះ គឺ​ត្រូវបាន​គេ​ឃើញ​ថា មាន​ការចុះ​ត្រួតពិនិត្យ​សកម្មភាព​នៅ​តាម​គោលដៅ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គ​ស្នងដ្ឋាន​ការ​នគរបាលជាតិ និង​មន្ត្រី​ជំនាញ​ក្រុមការងារ​មួយចំនួនទៀត​។​
​លោក​វរសេនីយ៍ឯក សុខ ណុប បន្តថា សម្រាប់​យានយន្ត ដែល​បាន​ដកហូត និង​អ្នកប្រើប្រាស់​ដែល​ឃាត់ខ្លួន​នឹង​យកទៅ​រក្សាទុក​ក្នុង​អង្គភាព ដើម្បី​ដោះស្រាយ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​នគរបាល​។​
​គ្រប់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​នគរបាល ជាគោលការណ៍​ត្រូវបាន​គេ​ដឹងថា បន្ទាប់​ពី​កងកម្លាំង​នគរបាល​យក​ប្រើប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ការងា​រ​ចប់​សព្វគ្រប់​រួច​ហើយ យានយន្ត​ទាំងនោះ ត្រូវបាន​គេ​យកទៅ​រក្សាទុក​ក្នុង​អង្គភាព​នគរបាល ហើយ​មិន​អាច​យក​ទៅ​រក្សា​នៅក្នុង​ផ្ទះ​ប្រើប្រាស់ ជា​កម្ម​សិទ្ធ​ផ្ទាល់​បានឡើយ​។​
​លោក​វរសេនីយ៍ឯក សុខ ណុប បញ្ជាក់ថា យានយន្ត​ដែល​មាន​ការពាក់​ស្លាក​លេខ​ត្រឹមត្រូវ គឺជា​យានយន្ត ដែល​អង្គភាព​នគរបាល​ផ្តល់ឲ្យ និង​មាន​ការ​អនុញ្ញាត្តិ​ដោយ​អគ្គស្នងការ​នគរបា​ល​ជាតិ និង​ជា​យានយន្ត​មាន​បញ្ជា​បេសកកម្ម​ត្រឹមត្រូវ ហើយ​ក្រោយពី​ប្រើប្រាស់​រួច​ហើយ ត្រូវ​យក​មក​រក្សាទុក​ក្នុង​អង្គភាព​វិញ​។ សម្រាប់​អ្នក​ប្រើប្រាស់​ផ្ទុយ​ពី​គោលការណ៍​នេះ នឹង​ត្រូវ​ឃាត់ខ្លួន​ទៅ​ផ្លូវ​ច្បាប់ ៕