សន្តិសុខត្រូវបានរឹតបន្តឹង ក្នុងរដ្ឋធានីរបស់ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ មួយថ្ងៃ មុនកិច្ចប្រជុំ របស់មេដឹកនាំមកពីបណ្ដាប្រទេសជាសមាជិក សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា អេប៉ិក (APEC) ក្នុងទីក្រុងម៉ានីល ។
ភាពតានតឹងក្នុងតំបន់ ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងក្ដីបារម្ភពី សន្តិសុខ បន្ទាប់ពីការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម លើទីក្រុងប៉ារីស អាចរេរាំងដល់កិច្ចខិតខំប្រឹងប្រែង នៃកិច្ចប្រជុំ មេដឹកនាំ ប៉ាស៊ីហ្វិក រីម (Pacific-Rim leaders) នៅសប្ដាហ៍នេះ ដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម និងភាពរីកចម្រើនទូទាំងតំបន់ ដែលមានមនុស្ស ប្រមាណ ៣ពាន់លាននាក់ ។
ទាហានជាមួយសម្ភារកាំភ្លើងធំ ត្រូវបានដាក់ពង្រាយតាមគោលដៅជិតឆកសមុទ្រ ម៉ានីល (Manila Bay) ដែលស្ថិតនៅជិតសាលប្រជុំថ្នាក់មេដឹកនាំ អេប៉ិក (APEC) ។
ប្រទេសហ្វីលីពីន បានប្រកាសបន្ថែមការប្រយ័ត្នខ្ពស់ ក្រោយទទួលដំណឹង ពីការវាយប្រហារ បានផ្ទុះឡើងនៅក្នុងទីក្រុងប៉ារីស សន្តិសុខរឹតបន្តឹង ក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ដល់គណៈប្រតិភូរាប់ពាន់នាក់ ។
កងកម្លាំងទ័ពអាកាស និងឆ្មាំសមុទ្រហ្វីលីពីននៅតែបន្ត ធ្វើប្រតិបត្តិការណ៍យាមល្បាត ជុំវិញតំបន់គ្មានការហោះហើរ និងដែនសមុទ្រជុំវិញ ទីតាំងនៃកិច្ចប្រជុំកំពូលអេប៉ិក ជាមួយនគរបាល និងទាហានដាក់ពង្រាយ ៣០០០០នាក់ ក្នុងរដ្ឋធានី ។
កាលពីម្សិលមិញនេះ ប្រទេសហ្វីលីពីន បានចាប់ផ្ដើមរឹតបន្តឹងចរាចរណ៍ ក្នុងរដ្ឋធានីរបស់ខ្លួន ខណៈនគរបាល បានបិទផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះទៅកាន់សាលប្រជុំ ជាទីដែលរដ្ឋមន្ត្រី បានត្រៀមសម្រាប់ ផ្ដើមជំនួបកំពូល APEC នៅថ្ងៃទី១៨ ដល់១៩ វិច្ឆិកា ខាងមុខនេះ៕