Saturday, October 17, 2015

ជនជាតិ​ចិន​៧២​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត (VOIP) ត្រូវបាន​ឃាត់ខ្លួន​

​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​នឹង​កម្លា​មង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ដោយ​មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា អម​អយ្យការ​សាលាខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម​មួយចំនួន ដែល​មាន​ជនជាតិ​ចិន​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ដោយ​ចាប់ខ្លួនបាន​ចំនួន​៧២​នាក់ ។​
​លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពី​ធ្វើការ​ឆេកឆេរ​នៅ​កាស៊ីណូ ហេង ហេង ត្រួតពិនិត្យបាន ២៣​បន្ទប់ និង ភោជនីយដ្ឋាន​១៦៨ មុខ​ផែស្ងួត​ឧកញ៉ា លឹម ប៊ុណ្ណា មក​គឺ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​៧២​នាក់ ក្នុងនោះ ស្រី ១៩​នាក់ ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​។​
​លោក​ឧត្តមសេនីយ៍ បាន​បន្តទៀតថា នៅពេល​នេះ​បន្ទប់​ស្នាក់​នៅ​ចំនួន ៣០​បន្ទប់ ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន រង់ចាំ​ត្រួតពិនិត្យ​បន្ត​នៅ​ថ្ងៃស្អែក ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា ៕