ភ្នំពេញៈ នៅថ្ងៃទី១៦ តុលា សាលារាជធានីភ្នំពេញ បានបព្ចាប់ការស្ថាបនាសួនព្រហ្មបាយ័ន នៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើតរួចរាល់ហើយ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទុកសម្រាប់កូនចៅជំនាន់ក្រោយ ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រខ្មែរផង និងជាទីតាំងទេសចរណ៍ផងដែរ។
ចម្លាក់ព្រហ្មបាយ័ន យកលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយធ្វើអំពីថ្មភ្នំ យកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុបលើគ្នាមានកម្ពស់ ៩,១៨ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ រូបចម្លាក់ព្រហ្មបាយ័ន តំណាងឲ្យព្រះភ័ក្ត្ររបស់ព្រះលោកេស្វរៈ ជាព្រះពោធិសត្វ នៃពុទ្ធសាសនាមហាយាន ដែលមានមហាករុណា ចំពោះមនុស្សលោកគ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬ ព្រហ្មមុខ៤។
សូមជម្រាបថា ព្រហ្មបាយ័នមានព្រះភ័ក្ត្រញញឹម បែរទៅរកកូនចៅខ្មែរគ្រប់ទិសទី ប្រកបដោយព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនានូវ សុខសន្តិភាព និងវប្បធម៌អហិង្សា ក្នុងសង្គមខ្មែរ៕