ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការ ស្តីពីការត្រួតពិនិត្យយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ ក្នុងគោលបំណង ដើម្បីធានាឲ្យមានការប្រើប្រាស់យានយន្តបំពាក់ស្លាកលេខ នគរបាលជាតិ ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពល្មើស ក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ និងដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លែថ្នូរ និងកិត្យានុភាពរបស់កម្លាំងនគរបាលជាតិ ។អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះក្រសួងមហាផ្ទៃ ត្រូវមានវិធានការស្វ័យត្រួតពិនិត្យ កែលម្អ និងទប់ស្កាត់ទាន់ពេល នូវបាតុភាពអសកម្ម ក្នុងការប្រើប្រាស់យានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ។
ជាមួយគ្នានេះដែរ អគ្គស្នងការនគរបាលជាតិ បានចាត់តាំងការត្រួតពិនិត្យយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ តាមវិធានការមានដូចជា៖១. នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវដំណើរការធ្វើបច្ចុប្បន្នភាពយានយន្ត នគរបាលជាតិតាមលិខិតលេខ ១៨៤ សជណ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ របស់អគ្គស្នងការ នគរបាលជាតិ ហើយត្រូវធ្វើការរក្សាទុកទិន្នន័យឲ្យបានម៉ត់ចត់ ដើម្បីបម្រើដល់ការវិនិច្ឆ័យយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ ដែលល្មើសច្បាប់។ ២. នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយអង្គភាព តម្រួតបទបញ្ជា ត្រូវចាត់ធ្វើការត្រួតពិនិត្យយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ ក្នុងរាជធានីភ្នំពេញ នៅតាមដងផ្លូវដែលមិនប៉ះពាល់ដល់ ក្បូនដំណើរប្រតិភូ ថ្នាក់ដឹកនាំ ទេសចរណ៍ និងការកកស្ទះចរាចរណ៍ តាមសេចក្តីណែនាំ លេខ០២៩សណន ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងយានយន្ត នគរបាលជាតិ។ ក្នុងការត្រួតពិនិត្យនេះ ត្រូវជូនដំណឹងជាមុន ដល់សាលារាជធានីភ្នំពេញ និងស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ។ ៣. ស្នងការដ្ឋាននគរបាល ខេត្តទាំង២៤ ផ្អែកលើផែនការនេះ ត្រូវកសាងផែនការដោយឡែក សុំការឯកភាព ពីគណៈបញ្ជាការឯកភាពខេត្ត ដើម្បីចាត់តាំងការិយាល័យ ចរាចរណ៍ផ្លូវគោក សហការជាមួយអង្គភាព តម្រួតបទបញ្ជាធ្វើការត្រួតពិនិត្យ យានយន្តបំពាក់ស្លាកលេខ នគរបាលជាតិ ក្នុងដែនសមត្ថកិច្ច នៅតាមដងផ្លូវដែលមិនប៉ះពាល់ ដល់ក្បូនដំណើរប្រតិភូ ថ្នាក់ដឹកនាំ ទេសចរណ៍ និងការកកស្ទះចរាចរណ៍ តាមសេចក្តីណែនាំ លេខ០២៩សណន ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងយានយន្ត នគរបាលជាតិ។ ក្នុងករណីត្រូវធ្វើការស៊ើបអង្កេត អត្តសញ្ញាណយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ ត្រូវស្នើសុំមកនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចាត់ការឆ្លើយតបជាបន្ទាន់។ និង៤. ត្រូវរៀបចំកម្លាំងត្រួត ពិនិត្យនៅតាមគោលដៅ ឲ្យបានត្រឹមត្រូវតាមវិធីសាស្ត្រជំនាញ និងធ្វើការប្រមូលគ្រប់សកម្មភាព ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ការតបតហិង្សា ឬជេរប្រមាថ ឬរត់គេច ឬការប្តឹងតបតផ្សេងៗមកលើសមត្ថកិច្ច ៕