ភ្នំពេញៈ លោកឧត្ដមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្ដីណែនាំ ឲ្យមានការត្រួតពិនិត្យស្លាកលេខ ខេមរភូមិន្ទ លើមធ្យោបាយប្រើប្រាស់នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យប្រើស្លាកលេខខេមរភូមិន្ទ គ្មានច្បាប់ទម្លាប់។តាមសេចក្ដីណែនាំរបស់លោកឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនដំណឹងដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថដូចតទៅ៖ ទី១. អង្គភាពកងរាជអាវុធហត្ថ និងធ្វើការត្រួតពិនិត្យលើអ្នកប្រើប្រាស់ ស្លាកលេខ ខ.ម ខុសច្បាប់លើយានយន្ដគ្រប់ប្រភេទ, ទី២. បុគ្គលប្រើប្រាស់យានយន្ដដែល ពាក់ស្លាកលេខ ខ.ម ត្រូវបានត្រួតពិនិត្យ, ទី៣. ធ្វើការណែនាំរថយន្ដ ដែលបិទស្កុតខ្មៅ ឲ្យបកចេញ, ទី៤. ធ្វើការណែនាំបុគ្គលប្រើប្រាស់ម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព, ទី៥. ចំពោះមុខអង្គភាពកងរាជអាវុធហត្ថ ត្រូវត្រួតពិនិត្យ កងរាជអាវុធហត្ថជាជំហានដំបូង, ទី៦. នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថណា ដែលរឹងទទឹងត្រូវធ្វើការឃាត់ខ្លួន និងឃាត់ទុកមធ្យោបាយ, ទី៧. ចំពោះបុគ្គលណាអប់រំហើយ មិនព្រមអនុវត្ដ ត្រូវមានវិធានការចំពោះមុខច្បាប់ និងទី៨. ក្រុមការងារ ត្រួតពិនិត្យ ត្រូវអនុវត្ដចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥តទៅ៕