កំពង់ឆ្នាំង៖ យោងតាមផែនការរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅមាត់ទន្លេផ្សារក្រោម នៅក្នុងក្រុងកំពង់ឆ្នាំង គណៈកម្មការចម្រុះ ថ្នាក់ខេត្តដឹកនាំដោយលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមចម្រុះដែលមានគ្រប់អង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យផ្សព្វផ្សាយផែនការជំហានទី២ ដោយកំណត់អោយអាជីវករលក់ដូរឈើ ស្លឹក ពីងពុងចំនួន២០កន្លែង រួមទាំងលក់ដូរមួយចំនួនទៀត នៅតាមច្រាំងទន្លេមុខខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើការផ្លាស់ប្តូរទីតាំងថ្មីទៅលក់ដូរនៅចុងភូមិចុងកោះវិញ ដោយកំណត់ឱសានវាត ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៥។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ ប្រធានគណៈកម្មការចំរុះខេត្តបានឲ្យដឹងថា៖ អនុវត្តតាមផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ច្រាំងទន្លេផ្សារក្រោម របស់ខេត្តនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ គណកម្មការចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យឃើញមានរោងលក់ដូរឈើ ស្លឹក ពីងពុង ចំនួន២០កន្លែង និងរោងលក់ដូរឥវ៉ាន់មួយចំនួនទៀត នៅមុខខណ្ឌរដ្ឋបាលជលផលខេត្ត មានភាពបាត់បង់សណ្តាប់ធ្នាប់។ គណៈកម្មការបានធ្វើការផ្សព្វផ្សាយអោយពួកគាត់បានដឹង និងស្ម័គចិត្តចូលរួមផ្លាស់ប្តូរទៅរកទីតាំងលក់ដូរថ្មី ដោយខ្លួនឯងនៅចុងភូមិចុងកោះ និងបានកំណត់ឱសានវាតពីថ្ងៃទី២១ ខែតុលានេះ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បើហួសពេលកំណត់គណៈកម្មការចម្រុះខេត្ត និងចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកផ្លូវលំពីថ្នល់ដាច់ចុងកោះ ទៅកាន់ចុងភូមិចុងកោះ ដល់ទីតាំងផ្ទះបណ្តែតទឹកថ្មី នៅខែ១១ និង១២ ខាងមុខនេះ មន្ទីរសាធារណការខេត្ត និងធ្វើការជួយជុលជាថ្មីសម្រាប់សម្រួល ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ មិនឲ្យជួបការលំបាកឡើយ។
ផែនការផ្សព្វផ្សាយនេះដែរ ប្រជាពលរដ្ឋម្ចាស់រោងលក់ឈើ បានចូលរួមប្រជុំផ្លាស់ប្តូរយោបល់ចំនួន១៦នាក់ បានសំណូមពរទុករយៈពេល១ខែ ដើម្បីឲ្យពួកគាត់ដកឃ្លា ដើររកទីតាំងថ្មី និងធ្វើការរុះរើរោងចាស់។
តែសំណូមពរនេះគណៈកម្មការចម្រុះខេត្តថា នឹងសុំយកទៅឆ្លងយោបល់គណៈអភិបាលខេត្តសិន ប៉ុន្តែតាមគម្រោងផែនការខេត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ អាជ្ញាធរខេត្តនិងយកទីតាំងមាត់ទន្លេផ្សារក្រោមទាំងអស់នេះ ធ្វើការប្រឡងប្រណាំងទូកងរក្នុងខេត្ត និងធ្វើពិធីជូនដំ ណើរកីឡាករអុំទូកងររបស់ខេត្ត ទៅកាន់រាជធានីភ្នំពេញ ដូច្នេះចំពោះសំណូមពរខាងលើនេះទំនងជាលំបាកដោះស្រាយហើយ។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បានបន្តថា៖ តាមផែនការរបស់គណៈអភិបាលខេត្ត គឺតម្រូវអោយទាំងកំពង់ផែកាណូតដរ ទាំងកំពង់ផែលក់ត្រី និងឃ្លាំងប្រេងឥន្ទនះ១កន្លែង នៅខាងលិចសួនច្បារត្រីគល់រាំងផ្សារក្រោម ក៏ត្រូវផ្លាស់ប្តូរទៅទីតាំងថ្មី ផុតពីច្រាំងទន្លេផ្សារក្រោមផងដែរ ដើម្បីយកទីតាំងទាំងនោះ អភិវឌ្ឍន៍តំបន់ទេសចរណ៍។
ប៉ុន្តែទីតាំងខាងលើនេះ នឹងត្រូវដោះស្រាយតាមច្បាប់អសាមិករ គឺបើទីតាំងទាំងនោះមានកម្មសិទ្ធស្របច្បាប់ រដ្ឋនឹងត្រូវដោះស្រាយគោលនយោបាយដីធ្លីទីតាំង តាមតម្លៃទីផ្សារសេរី ដោយមិនទុកនៅឲ្យរងការរិះគន់ពីប្រជាពលរដ្ឋឡើយ៕