បន្ទាយមានជ័យ ៖ បុរសខ្មែរ៧នាក់ រស់នៅខេត្តកំពត បានស្លៀកស្បង់ចីវរក្លែងជាព្រះសង្ឃ ធ្វើឲ្យប៉ះពាល់វប្បធម៌សាសនា ហើយនាំគ្នាទៅដើរបិណ្ឌបាត្ររកប្រាក់ នៅក្នុងប្រទេសថៃ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នា២០១៥។
សង្ឃក្លែងក្លាយទាំងនោះ បន្ទាប់ពីតម្រួតថៃ ចាប់បញ្ជូនដល់ប្រទេសកម្ពុជា ហើយត្រូវបានអាជ្ញាធរកម្ពុជា ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ចាប់បញ្ជូនមកកាន់វត្តត្រាច ក្រុងប៉ោយប៉ែត ក្នុងនោះមាន៣នាក់ រត់គេចខ្លួនទាំងស្លៀកស្បង់ចីវរ។ ចំណែក៤នាក់ទៀត្រូវបានលោគ្រូព្រះអនុគុណក្រុងប៉ោយប៉ែត ចាប់ដោះស្បង់ចីវរចេញ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទង្វើអាក្រក់ បង្កប៉ះពាល់ទៅលើវិស័យព្រះពុទ្ធសាសនាបែបនោះតទៅទៀត។ ជនទាំង៤នាក់នោះក្រោយពីឲ្យធ្វើកិច្ចសន្យារួចហើយ ក៏ត្រូវបានដោះលែងទៅស្រុកកំណើតវិញ។
បើតាមសម្តីរបស់ជនក្លែងជាព្រះសង្ឃខាងលើ គឺពួកគេបានចូលទៅប្រទេសថៃតាមច្រករបៀងតាមរយៈការអូសទាញរបស់មេខ្យល់ពីព្រោះមេខ្យល់គេអះអាងថា ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្ររកប្រាក់នៅដីថៃបានងាយស្រួលទើបពួកគេធ្វើបែបនោះ។
ពួកគេនាំគ្នាសន្យាថា នឹងបញ្ឈប់សកម្មភាពមិនឲ្យកើតមានជាលើកទី២នោះឡើយ ហើយនឹងខិតខំរកស៊ីតាមសមត្ថភាពឲ្យស្របតាមផ្លូវច្បាប់នោះវិញ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់ជនខិលខូចបានក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្ររកប្រាក់នៅប្រទេសថៃ។ កន្លងមកគេក៏សង្កេតឃើញមានព្រះសង្ឃក្លែងក្លាយបានដើរទៅបិណ្ឌបាត្យនៅក្នុងប្រទេសថៃ ហើយត្រូវបានតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ ជុំវិញនៃការដោះលែងជនខិលខូចដែលយកសាសនាដើរបោកប្រាស់គេបែបនេះ ត្រូវបានមជ្ឈដ្ឋានលើកឡើងថា គួរណាស់ត្រូវចាប់ពួកគេយកទៅអនុវត្តតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបន្តិច ដើម្បីឲ្យរាងចាល បើមិនវិធានការម៉ឺងម៉ាត់នោះទេថ្ងៃក្រោយជនខិលខូចនៅតែបន្តធ្វើសកម្មភាពបែបនេះតទៅទៀតជាក់ជាមិនខាន ៕