BEIJING: កាលពីថ្ងៃពុធ យោធាចិនបាននិយាយថា នាវាចម្បាំងរបស់បារាំងមួយគ្រឿង បានចូលចតនៅផែមួយភាគខាងត្បូងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ចំពោះកងនាវានៃសមុទ្រចិនភាគខាងត្បូង ស្របពេលដែលមានភាពតានតឹងរវាងប្រទេសចិន និងអាមេរិក ក្នុងជម្លោះដែនទឹក ។
សារព័ត៌មានផ្លូវការ នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវា Vendémiaire បានចូលចតក្នុងកំពង់ផែ Zhanjiang នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនកាលពីព្រឹកថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចចំណងមិត្តភាពរយៈពេល៤ថ្ងៃ ។
សេចក្ដីរាយការណ៍ខ្លីមួយបានបន្ថែមថា នាវានេះនឹងចូលរួមក្នុងសមយុទ្ធយោធាជើងទឹក អំពីគ្រោះថ្នាក់ដោយចៃដន្យណាមួយក្នុងសមុទ្រ ហើយបុគ្គលិកនៃនាវាចម្បាំងរបស់បារាំង និងចិន នឹងធ្វើទស្សនកិច្ចលើនាវារបស់គ្នា ទៅវិញទៅមក ហើយនិងប្រកួតបាល់ទាត់ជាមួយគ្នា ។ សកម្មភាពទាំងនេះនឹងបង្កើនការយោគយល់ ជឿជាក់ និងសហប្រតិបត្តិការគ្នាទៅវិញទៅមក រវាងនាវានៃប្រទេសទាំងពីរ ។
នេះគឺជាដំណើរទស្សនកិច្ចលើកទី៨ នៃនាវា Vendémiaire ទៅកាន់ប្រទេសចិន ដែលដំណើរទស្សនកិច្ចនេះ ធ្វើឡើងមុនពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតេយ្យបារាំង Francois Hollande ទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយ ៕