ចិន ៖ កាលពីថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ក្រសួងការបរទេសរបស់ប្រទេសចិន បានចេញនូវការព្រមានដល់សហរដ្ឋអាមេរិកជាលើកទី៩ ជុំវិញការលូកដៃចូលជ្រៀតជ្រែក នាំឲ្យមានភាពតានតឹងក្នុងតំបន់អាស៊ី តាមរយៈការបញ្ជូននាវាពិឃាត USS Lassen របស់ខ្លួន ចូលទៅជិតតំបន់ប្រជុំកោះ ស្ប្រាតលី (Spratlys) ដែលជាកោះជម្លោះរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការបញ្ជូននាវាពិឃាត USS Lassen ពីសំណាក់សហរដ្ឋអាមេរិក ចូលទៅជិតតំបន់ប្រជុំកោះ ស្ប្រាតលី (Spratlys) ដែលជាដែនដីនិងដែន ទឹករបស់ចិន គឺជាការរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសចិន ហើ យទង្វើដ៏គឃ្លើននេះគឺជាមូលហេតុដ៏ចំបងដែលនាំឲ្យមានភាពតានតឹង ខាងយោធារបស់ប្រទេសទាំងពីរ ចិន និងអាមេរិក ។
សូមបញ្ជាក់ជូនបន្តិចថា ប្រទេសនៅក្នុងអាស៊ាន ដែលមានជម្លោះប្រទាញប្រទង់គ្នាដណ្តើម យកចំណែកប្រជុំកោះស្ប្រាតលី (Spratlys) គឺមានប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ រួមទាំងតៃវ៉ាន់ផងដែរ។
តាមការបញ្ជាក់ពីក្រុមអ្នកជំនាញផ្នែកនយោបាយអន្តរជាតិ បានឲ្យដឹងថា ប្រទេសចិនមិនខ្លាចញញើតចំពោះសហរដ្ឋអាមេរិកទេ ជុំវិញជម្លោះប្រជុំកោះនេះ ទោះបីជាមានអន្តរាគមន៏ខាងយោធាពីសហរដ្ឋអាមេរិក ក៏ដោយ ដោយសារតែប្រទេសចិនមានកងកម្លាំងយោធាគ្រប់គ្រាន់ មានគ្រឿងសព្វាវុធគ្រប់គ្រាន់ ក្នុងការទប់ទល់ជាមួយសហរដ្ឋអាមេរិក ។
គិតរហូតមកដល់ឆ្នាំ២០១៥នេះ ប្រទេសចិនមានកងកម្លាំងយោធាសរុបចំនួន ២.៣៣៣.០០០នាក់ គឺច្រើនជាងសហរដ្ឋអាមរិកទៅទៀត ដែលសហរដ្ឋអាមេរិក មានកងកម្លាំងយោធាសរុបចំនួន ១.៤៣៣.១៥០នាក់ គឺកងទ័ពអាមេរិក តិចជាកងទ័ពចិនចំនួនជាង៩០ម៉ឺននាក់ ។
ទឹកប្រាក់ចំនួន ១៣២.០០០លានដុល្លារអាមេរិក គឺជាកញ្ចប់ថវិកាផ្លូវការកាលពីឆ្នាំ២០១៤ របស់ប្រទេសចិនសម្រាប់វិស័យយោធា។ តួលេខពិតប្រាកដ អាចមានចំនួនលើស ២០០.០០០លានដុល្លារអាមេរិក បាត់ទៅហើយ។ នេះបើតាមការអះអាង របស់ក្រសួងការពារជាតិអាមេរិក។
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿង ឲ្យចូលទៅក្នុងសមុទ្រចិនខាងត្បូង គឺទៅដល់ក្បែរកោះ ដែលកំពុងជាប់ជម្លោះរវាងចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន។ អាមេរិកអះអាងថានាវាចម្បាំងនេះធ្វើសកម្មភាពស្របទៅតាមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែ ចិនវិញបានចោទថា វាគឺជាការរំលោភទៅលើអធិបតេយ្យភាពរបស់ចិន និងថាវាជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខជាតិចិន។
នាវាចម្បាំងរបស់អាមេរិក ដែលជាប្រភេទនាវាពិឃាត (USS Lassen) បានធ្វើដំណើរចូលទៅក្នុងរង្វង់១២ម៉ាយល៍ ពីកោះដែលចិនបានសាងសង់នៅក្នុងតំបន់ប្រជុំកោះ Spratly ។ រយៈចម្ងាយ ១២ម៉ាយល៍ ដែលតាមច្បាប់អន្តរជាតិ គឺជារយៈចម្ងាយត្រូវរាប់បញ្ចូលជាដែនទឹករបស់ប្រទេសម្ចាស់ កោះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកដែលមិនទទួលស្គាល់អធិបតេយ្យភាពរបស់ចិននៅលើកោះនេះ បានអះអាងថា សកម្មភាពនាវាចម្បាំងនេះ “គឺជាប្រតិបត្តិការជាធម្មតាមួយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលស្របទៅតាមច្បាប់អន្តរជាតិ”។ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនក៏បានសង្កត់ធ្ងន់ផងដែរថា “អាមេរិ ក នឹងធ្វើដំណើរទាំងតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រ ចូលទៅក្នុងគ្រប់តំបន់ណាទាំងអស់ ដែលច្បាប់អន្តរជាតិអនុញ្ញាត” ។
ក៏ប៉ុន្តែសម្រាប់ចិនវិញ នាវាចម្បាំងរបស់អាមេរិក “បានធ្វើដំណើរចូលដោយខុសច្បាប់” ទៅក្នុងដែនទឹកនៅក្បែរកោះ “ដោយគ្មានការសុំអនុញ្ញាតជាមុនពីរដ្ឋាភិបាលចិន”។ មន្ត្រីអ្នកនាំពាក្យក្រ សួងការបរទេសចិនបានលើកឡើងថា “ចិនជំទាស់ដាច់ខាតចំពោះប្រទេសណាដែលយកគោលការ ណ៍សិទ្ធិសេរីភាពនាវាចរណ៍និង អាកាសចរណ៍មកធ្វើជាលេស ដើម្បីរំលោភទៅលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិន” ហើយថាចិន “នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន”។
គួរបញ្ជាក់ឡើងវិញថា តំបន់ប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង គឺជាចំណុចជម្លោះដ៏ក្តៅ មួយរវាងចិន និងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេស គឺជាមួយវៀតណាម និងហ្វីលីពីន។ អាមេរិក ក៏ដូចជាប្រទេសដែលជាគូជម្លោះរបស់ចិន បានចោទចិនថាកំពុងតែធ្វើការសាងសង់កោះសិប្បនិម្មិត ក្នុងគោលដៅ វាតទីពង្រីកដែនទឹករបស់ខ្លួន នៅក្នុងតំបន់ជាប់ជម្លោះ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែមុន លោកស៊ី ជីនពីង ធ្លាប់បានសន្យាថា ចិននឹងមិនបង្កើតវត្តមានយោធានៅក្នុងតំបន់ជាប់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនេះទេ ហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏តែងតែបានអះអាងម្តងហើយម្តងទៀតដែរថា រាល់ហេដ្ឋារចនាសម្ព័ន្ធដែលខ្លួនសាងសង់នៅក្នុងតំបន់នេះ គឺសុទ្ធតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងអស់។
ក៏ប៉ុន្តែ វិទ្យាស្ថានស្រាវជ្រាវមួយរបស់អាមេរិក (Center for Strategic and International Studies) ធ្លាប់បានចុះផ្សាយរូបភាពផ្កាយរណប ដែលបង្ហាញថា សំណង់ខ្លះ ដែលចិនសង់នៅក្នុងតំបន់ប្រជុំ កោះ Spratly គឺអាចប្រើនៅក្នុងគោលដៅយោធា ។
សូមរំឭកជូនបន្តិចថា ចាប់តាំងពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥កន្លងមកនេះ រហូតដល់បច្ចុប្បន្ន ចិនកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសអាស៊ាន ដោយបានប្រកាសសន្យាថា ចិននឹងមិនប្រើកម្លាំងទ័ពមកដោះស្រាយជម្លោះនោះទេ។ ចិនក៏បានលើ កជាសំណើផងដែរចង់បើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នាជាមួយ ប្រទេសអាស៊ាន នៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំ២០១៦ខាងមុខ។
“ចិន នឹងមិនចេះតែប្រើកម្លាំងទ័ពដោយគ្មានគិតពិចារណានោះទេ បើទោះបីជានៅក្នុងជម្លោះទាក់ទងនឹងអធិបតេយ្យភាពក៏ដោយ ហើយចិននឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសវិវាទដែលអាចកើតឡើងដោយអចេតនា” នេះគឺជាការអះអាងរបស់លោកហ្វាន ឆាងឡុង (Fan Changlong) អនុប្រធានគណៈកម្មការមជ្ឈិមកងទ័ពនៃបក្សកុម្មុយនិស្តចិន ដែលជាស្ថាប័នមានអំ ណាចកំពូលខាងកងទ័ពនៅចិន។ លោកហ្វាន ឆាងឡុង មានប្រសាសន៍បែបនេះ នៅក្នុងអំឡុងសន្និសីទស្តីពីសន្តិសុខ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេស អាស៊ាន ។
លោកហ្វាង ឆាងឡុង ក៏បានអះអាងផងដែរថា ហេដ្ឋារចនាសម្ព័ន្ធដែលចិនសាងសង់នៅលើកោះក្នុងសមុទ្រចិនខាងត្បូងនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពក្នុងការធ្វើនាវាចរណ៍របស់ប្រទេ សដទៃនោះទេ ផ្ទុយទៅវិញ វាមានតែជួយដល់ការធ្វើដំណើរតាមផ្លូវសមុទ្រទៅវិញទេ ជាពិសេស គឺការសាងសង់ហ្វាបំភ្លឺផ្លូវនាវាចរណ៍។
ក៏ប៉ុន្តែ ប្រទេសអាស៊ានខ្លះ ដែលកំពុងជាប់ជម្លោះជាមួយចិន រួមជាមួយនឹងសហរដ្ឋអាមេរិកផង បានអះអាងថា តាមការពិតទៅ អ្វីដែលចិនកំពុងតែធ្វើនៅក្នុងសមុទ្រចិនខាងត្បូងនៅពេលនេះ គឺកំពុងតែសាងសង់កោះសិប្បនិម្មិត ដើម្បីដាក់តាំងហេដ្ឋារចនាសម្ព័ន្ធយោធាទៅវិញទេ។
ចិនបានប្រាប់អាមេរិកថា កុំអោយលូកដៃចូលក្នុងអរិភាពរវាងចិន និងបណ្តាប្រទេសនៅអាស៊ី ដែលជាប្រទេសក្នុងតំបន់ ហើយបើអាមេរិកនៅតែលូកដៃ ចិននឹងឆ្លើយតបទៅតាមជាក់ស្តែង ដែលអាមេរិកបានធ្វើ ៕