ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងនោះមានមេខ្យល់ស្រីម្នាក់ និងជនរងគ្រោះចំនួន ៤នាក់ជានារី។ ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើនៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដាក់ម្លាំងតាមជនសង្ស័យតាំងពីវេលាម៉ោង៣ទៀបភ្លឺព្រឹកថ្ងៃទី២៩ ខែតុលា នៅម្ដុំបេនឡានរថយន្តក្រុងម្ដុំផ្សារថ្មី ព្រោះជនសង្ស័យមានបំណងនាំជនរងគ្រោះ ទៅតាមរថយន្តក្រុងទៅប្រទេសវៀតណាម និងចេញពីប្រទេសវៀតណាម ទៅប្រទេសចិនបន្ត តែដោយនគរបាលបានដឹងមុន បានស្ទាក់នៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាក់ស្ដែងតែម្ដង។
ប្រភពដដែលបានបន្តឲ្យដឹងបន្ថែមទៀតថា ដោយមានការស្រាវជ្រាវ និងចង្អុលបង្ហាញពីលោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដាក់កម្លាំងរបស់ឲ្យសហការជាមួយនគរបាលខណ្ឌទួលគោក និងមានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានចុះឆែកឆេរផ្ទះលេខ១៧៩c ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបន្តឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ក្នុងនោះមានមេខ្យល់ចំនួន ៤នាក់ ស្រីម្នាក់ ដែលជាបក្ខពួករបស់ជនសង្ស័យ និងដកហូតបាន សៀវភៅគ្រួសារចំនួន ៥ក្បាល, សៀវភៅស្នាក់នៅចំនួន ៥ក្បាល, លុយចំនួន ២១០ដុល្លារ, ទូរស័ព្ទចំនួន ៤គ្រឿង, លិខិតឆ្លងដែនចំនួន ១ក្បាល និងលិខិតពាក់ព័ន្ធមួយចំនួន។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការ ទាំង២ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ស្រី២នាក់ និងជនរងគ្រោះចំនួន ៨នាក់ ដែលត្រូវជនសង្ស័យនាំយកទៅជួញដូរទៅប្រទេសចិន តាមច្រកប្រទេសវៀតណាម។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតីជន ដើម្បីចាត់ការបន្តតាមនីតីវិធី។ ចំណែកជនរងគ្រោះទាំង ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំ និងប្រគល់ឲ្យខាងសង្គមកិច្ច៕