Thursday, October 29, 2015

សមត្ថកិច្ច​ទប់ស្កាត់​ព​លករ​ខ្មែរ ៧៣​នាក់ បម្រុង​ឆ្លងដែន​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៧៣​នាក់ ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​ជិត​១០​គ្រឿង មកពី​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។ បម្រុង​ចេញ​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​ខុសច្បាប់ តាម​ច្រករបៀង ក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​និង​នគរបាល​ប៉ុស្ថិ៍​ឃុំ​បឹងបេង ធ្វើ​ការឃាត់​ដំណើរ មិនឲ្យ​ពលករ​ទាំងនោះ​ធ្វើដំណើរ​បន្ត​ទៅមុខ​ទៀត​ឡើយ​។
សមត្ថកិច្ច​ទប់ស្កាត់​ព​លករ​ខាងលើ ធ្វើឡើង​នៅ​រយៈពេល​៥​ថ្ងៃ​ជា​បន្តបន្ទាប់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ហើយ​ថ្ងៃ​ចុង​ក្រោយ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៥ ទប់ស្កាត់​បាន​ចំនួន​២២​នាក់ ខណៈ​ដែល​ពលករ​ខាងលើ​កំពុងតែ​ជិះ​រថយន្ត តាមផ្លូវ បម្រុង​ឆ្លងកាត់​ស្រុក​ម៉ាឡៃ ឆ្ពោះ​ទៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​
​    ​ការទប់ស្កាត់​ពលករ​ខ្មែរ បម្រុង​ចាកចេញ​ឆ្លងដែន​ខុសច្បាប់ ពី​សំណាក់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ គ្រា​ដែល​គេ​មើលឃើញថា ក្រោយពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​បញ្ចប់ គឺ​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​កំពុងតែ​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា នៅ​ក្នុងប្រទេស​កម្ពុជា ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សម្រុក​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​វិញ​នោះ​។​
​    ​ការ​ឆ្លងដែន​របស់​ព​លករ​ខ្មែរ តាម​ច្រករបៀង​ខុសច្បាប់ ត្រូវ​គេ​និយាយថា ពលករ​ទាំងនោះ អាច​និង​ប្រឈម​និង​បញ្ហា គ្រោះថ្នា្កក់​ដល់​អាយុ​ជីវិតដោយ​ប្រការ​ផ្សេងៗ​ដូចជា​ត្រូវ​ទា​ហា​ថៃ​បាញ់​សម្លាប់ និង​ចាប់​ដាក់គុក​ធ្វើ ទារុណកម្ម ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣ និង​ជិះ​រថយន្ត​រត់គេច​ពី​តម្រួត​ថៃ​ជួប​គ្រោះថ្នាក់​ចរាច​រណ៍បង្ក​គ្រោះថ្នាក់​ដល់​អាជីវិតជា​ដើម​នោះ​។​បញ្ហា​ប្រឈម​ទាំងនេះ កន្លងមក​មាន​សេចក្តីរាយការណ៍​ឲ្យដឹងថា ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ក៏​ធ្លាប់​បាន​រងគ្រោះ​កើតឡើង ទៅលើ​ពលករ​ខ្មែរ​មួយចំនួន ជា​បន្តបន្ទាប់​រួចមកហើយ​ផងដែរ​។​
​    ​ពាក់ព័ន្ធ​ទប់ស្កាត់​ពលករ​ខ្មែរ​ខាងលើ លោក​វរសេនីយ៍ត្រី ឡាយ គឹម​លួ​ន នាយ ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត ប្រាប់ឲ្យដឹង​ថា អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់ចេញ​ផែនការ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ ត្រូវ​សហការ​និង​កម្លាំង​នគរបាល​តាម​ព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​មាន​វិធានការ​ទប់ស្កាត់​ពលក​រ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ការពារ​អាយុជីវិត និង​បញ្ចៀស​បញ្ហា​ប្រឈម​ដែល​កើតឡើង ចំពោះ​ពលករ​ខ្មែរ​ដោយ​ប្រការ​ផ្សេងៗ​។ ពលករ​ខ្មែរ​ប្រុស​ស្រី​ទាំង​៧៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​អប់រំ ណែនាំ​ឲ្យ​ពួកគាត់ វិល​ទៅ​រក​ការចូល​ទៅ​រក​កា​ងារ​ស្របច្បាប់​វិញ ដើម្បី​ធានា​សុវត្ថិភាព បន្ទាប់ពី​សមត្ថកិច្ច​ឲ្យធ្វើ​កិច្ចសន្យា និង​អប់រំ​ឲ្យ​ពួកគាត់​បញ្ឆប់​ការឆ្ល​ង​ដែន​ខុសច្បាប់​រួចហើយ ក៏បាន​ដោះលែង​ឲ្យ​ពលករ ទាំងនោះ​វិលត្រឡប់​ទៅ​ស្រុក​វិញ​៕