Thursday, October 29, 2015

ភាព​អសកម្ម​នៅតែ​កើតមាន​ដដែល ក្រោយ​ពី​អភិបាលខេត្ត ព្រមាន​ដក​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ចេញ

​កំពង់ឆ្នាំង ៖​    ​កាលពី​ខែ​មុន នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ សោភ័ណភាព​អភិវឌ្ឍ​តំបន់​មាត់ទន្លេ​ក្រុង​កំពង់ឆ្នាំង និង​បញ្ហា​ផ្ទះ​បណ្តែត​ទឹក ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ព្រមាន​ខ្លាំងៗ​ដក​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ ខណៈ​មន្ត្រី​រូប​នោះ​អសកម្ម​នឹង​ជំនាញ​របស់ខ្លួន​។
តែ​មកដល់ពេលនេះ គេ​នៅតែ​ឃើញ​ប្រជាពលរដ្ឋ​ការរិះគន់​ទាក់ទង​ទៅនឹង​ភាព​ឥត​សណ្តាប់ធ្នាប់ គឺ​ការយក​ចិញ្ចើមថ្នល់​លក់ដូ​ររ​ញែ​រញៃ​នៅតែ​ដដែល ខណៈ​ការិយាល័យ​សណ្តាប់ធ្នាប់​សាធារណៈ​មិន​ព្រម​រៀបចំ ហើយ​បើ​រៀបចំ​វិញ គឺ​ធ្វើបាន​១​ទៅ​២​ថ្ងៃ​នៅ​ពេល​ទូរទស្សន៍​ផ្សាយ​តែប៉ុណ្ណោះ ហើយក៍​គេង​លក់​ទៅ​វិញ​ដដែល​។​
​    ​គួរបញ្ជាក់​ថា​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ព្រមាន​ខ្លាំងៗ​ដល់​សមត្ថកិច្ច និង​មន្ត្រីរាជការ​គ្រប់រូប​អំពី​សកម្មភាព​ការងារ​របស់ខ្លួន កុំអោយ​អសកម្ម កុំ​ធ្វើ​ជា​មន្ត្រី​ដែល​ចេះ​តែ​ពាក់​ស្បែកជើង​ប៊ូ​ល្អៗ និងតឺ​នុយ​ខោអាវ​ស្អាត មក​កន្លែង​ធ្វើការ​បាន​តែមួយ​ភ្លែត តែ​ការងារ​វិញ​មិន​ព្រម​ធ្វើ បើក​តែ​ប្រាក់ខែ​។​ជាពិសេស​ទៅទៀត​នោះ ឯកឧត្តម បាន​ព្រមាន​ដក​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ចេញ ប្រសិនបើ​មិន​មាន​សមត្ថភាព​ធ្វើការ​នោះ​ទេ កុំ​ទុកអោយ​ប្រជាពលរដ្ឋ​រិះគន់​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​ដែល​គេ​កំពុង​ខិតខំ​ធ្វើការ​។​
​    ​ដោយឡែក​លោក​ឧត្តមសេនីយត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះ​ការ​អសកម្ម​របស់​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​លោក​បានដឹង ហើយ​កំពុង​ណែនាំ​គាត់ តែ​ប្រសិនបើ​គាត់​នៅ​តែ​អសកម្ម​ទៀត ស្នងការ​នគរបាល​ខេត្ត និង​អនុវត្ត​ទៅ​តាម​ច្បាប់ ដោយ​មិន​ត្រូវ​អោយមាន​មន្ត្រី​អសកម្ម​ណាមួយ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឡើយ​។​
​    ​ចំពោះ​លោក មាស ម៉េង​ហួត នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​វិញ អ្នកយកព័ត៌មាន​យើង​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក តែ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​លោក ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល​៕