ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករាជាច្រើននាក់ បានលើកឡើង អំពីក្តីកង្វល់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយអន្តរាគមន៍ និងមានវិធានការចុះបង្ក្រាប ល្បែងស៊ីសងដែលសព្វថ្ងៃរីកដូចផ្សិត បង្កឲ្យមានចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន ហើយកន្លងមកអាជ្ញាធរខណ្ឌ៧មករានេះ មិនទាន់មានវិធានការក្តៅនោះទេ ខណៈដែលអាជ្ញាធរខណ្ឌផ្សេងៗ ចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រេងជាបន្តបន្ទាប់នោះ ។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈ នាព្រឹកថ្ងៃទី២៧ តុលា នៅភោជនីដ្ឋានវិមានមាស តាមបណ្តោយផ្លូវនេរុហ៍ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្ថិតក្នុងអធិបតីភាពលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោកងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់រយនាក់ ។
លោក ឡុង សុផល ក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ស៊ិន សំអាត និងប្រជាពលរដ្ឋជាច្រើនទៀត បានលើកឡើងប្រហាក់ប្រហែលគ្នា នៅក្នុងវេទិកាសាធារណៈនោះថា សព្វថ្ងៃនៅក្នុងមូលដ្ឋានខណ្ឌ៧មករា បញ្ហាចោរលួច ឆក់ និងក្មេងទំនើង ល្បែងស៊ីសង ធ្វើសកម្មភាពស្ទើរពាសពេញមូលដ្ឋាន ពិសេសកន្ទុយលេខ គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាចេញមុខបង្ក្រាបបានទាន់ពេលវេលាឡើយ បណ្តោយឲ្យពួគគេធ្វើសកម្មភាព បង្កអសន្តិសុខរាល់យប់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ខណៈដែលអាជ្ញាធរខណ្ឌផ្សេងៗ បាននិងកំពុងចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រែងនោះ ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងមូលខណ្ឌ៧មករានេះ មានល្បែងស៊ីសងច្រើនប្រភេទ ដូចជា បៀរ អាប៉ោង ល្បែងកន្ទុយលេខ ឆ្នោតវៀតណាម ល្បែងចាក់ទឹកភ្លៀង និងល្បែងហ្គេមស៊ីសងជាដើម តែល្បែងទាំងនេះ នៅតែបន្តលេងយ៉ាងសកម្ម មិនមានសមត្ថកិច្ចពាក់ព័ន្ធចុះមកបង្ក្រាបឡើយ ។ ចំណែកឯមន្ត្រីនគរបាលខណ្ឌវិញ ដើរយកលុយពីប្រជាពលរដ្ឋដូចគេដើរយកភាស៊ីតាមផ្សារផងដែរ ។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបានអង្គប្រជុំវេទិកាសាធារណៈ មានការគាំទ្រយ៉ាងខ្លាំង ហើយក្រៅពីការងារ ចោរលួច ចោរឆក់ ល្បែងស៊ីង និងបញ្ហាគ្រឿងញឿន ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរ អំពីសេវាសាធារណៈ និងបញ្ហាសម្រាម ដែលតម្រូវឲ្យអាជ្ញាធរខិតខំធ្វើបំពេញសេវាជូនបងប្អូនឲ្យបានល្អ កុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំពេក ត្រូវមានការអនុគ្រោះ និងលើកលែងដល់ពួកគាត់ផង ។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទាំងនោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា រាល់ការរិះគន់ និងភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ លើកឡើងនៅក្នុងវេទិកានេះ គឺគ្រាន់តែដើម្បីជាការស្ថាបនាតែប៉ុណ្ណោះ។ លោកបន្តថា ការរិៈគុណនេះ អាជ្ញាធររាជធានី និងថ្នាក់ដឹកនាំ ក៏ដូចក្រុមចុះពង្រឹងមូលដ្ឋាន នឹងទទួលយកទាំងអស់ ទាំងចំណុចខ្វះខាត និងការរិះគន់ទាំងនោះ ដើម្បីធ្វើការកែតម្រូវឲ្យបានល្អប្រសើរ និងចំគោលដៅដែលប្រជាពលរដ្ឋចង់បាន ។
លោកអភិបាលរង បានណែនាំឲ្យអាជ្ញាធរខណ្ឌ កម្លាំងមានសមត្ថកិច្ច ពិសេសអធិការនគរបាលខណ្ឌ៧មករា ត្រូវមានវិធានការចុះបង្ក្រាបទៅតាមសំណូមពររបស់បងប្អូន តែការចុះនោះក៏មិនត្រូវយកលុយគេនោះដែរ ចំពោះវិធានការនេះ កុំចាំតែប្រជាពលរដ្ឋលើកឡើង ក្នុងវេទិកាសាធារណៈ ទើបធ្វើនោះ ត្រូវធ្វើជាប្រចាំតែម្តង ។ ខណ្ឌ៧មករា មានសង្កាត់ចំនួន៨ គឺសង្កាត់អូរឬស្សីទី១ .ទី២. ទី៣. ទី៤ សង្កាត់បឹងព្រលិត វាលវង់ និងសង្កាត់មិត្តភាព៕