ភ្នំពេញ៖ ទីប្រឹក្សា និងជំនួយការផ្ទាល់ របស់លោក កឹម សុខា ដែលមានតួឋានៈស្មើរដ្ឋមន្ត្រី ដល់អគ្គនាយក នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ បន្ទាប់ពីលោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់រូបលោក នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ដោយសម្លេង ៦៨ លើ៦៨។
លោក កឹម សុខា បន្ទាប់ពីសមាជិកសភាបោះឆ្នោតគាំទ្រឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ លោក កឹម សុខា បានជ្រើសតាំងមនុស្ស ២៣រូប ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់របស់លោក។ ទីប្រឹក្សា និងជំនួយការផ្ទាល់ទាំង ២៣រូបនេះ មានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអគ្គនាយក។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា តាមច្បាប់ ទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ, ប៉ុន្តែនៅពេលមានអ្នកថ្មីមកជំនួស ព្រះមហាក្សត្រនឹងតែងតាំងថ្មី។
លោក ជាម យៀប បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោតទម្លាក់ដំណែង លោក កឹម សុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកលោក កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ។
ទីប្រឹក្សាផ្ទាល់របស់លោក កឹម សុខា រួមមាន៖ លោកបណ្ឌិត សាយ បូរី លោកបណ្ឌិត ឡៅ ម៉ុងហៃ, លោក ស សូវាន, លោក ថាច់ សេដ្ឋា, លោក មុត ចន្ថា, លោកស្រី ម៉ុក ម៉ារីណា, លោក គ្រីសុង, លោក ជុំ សារិទ្ធ, លោក ឃឹម ឡាគី, លោក សាន សាង, លោក ប្រាក់ សាវ័ន្ទ លោក ហែម ណារិទ្ធិ លោក ជួង ជូងី លោក ចាន់ ចេង លោកស្រី ម៉េង សុភារី លោក សួន រីដា។
ជំនួយការផ្ទាល់វិញ រួមមាន៖ លោក អៀ ចាន់ណា, លោក ចាន់ សិលា, លោក ស៊ិន បូរាណ, លោក សៅ វិបុល លោក ឈុន ស៊ិថុន លោក គឹម យូយៀង និងលោក លី រិ៕