Friday, October 30, 2015

គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង រង​ការចោទប្រកាន់​ឃុបឃិត ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ​ពី​ថៃ

បាត់ដំបង ៖ គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​រង​ការចោទប្រកាន់​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ ដឹក​តាម​រថយន្ត​ធុន​ធំៗ គេច​ពន្ធ​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ ។ សកម្មភាព​នៃ​ការឃុបឃិត​គ្នា រវាង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង និង​ឈ្មួញ​បើកដៃ​ឲ្យមាន​ទំនិញគេចពន្ធ ចូលមក​ប្រទេស​កម្ពុជា ត្រូវ​គេ​រាយការណ៍​ឲ្យដឹងថា បាន​ធ្វើឲ្យ​បាត់បង់​ថវិកាជាតិ យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ហើយ​ការឃុបឃិត​គ្នា​នោះ​ដែរ ក៏​ត្រូវ​គេ​និយាយថា បង្ក​ប៉ះពាល់​ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​តែ​ជម្រុញ​ការបង្កើន​ប្រមូល​ពន្ធ​ចូល​រដ្ឋ ដើម្បី​តំឡើង​ប្រាក់ខែ ជូន​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​នោះ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ នៅ​ច្រក​អន្តរជាតិ​ដូង ឲ្យដឹងថា កាលពី​ជាង​មួយ​សប្តាហ៍​កន្លងទៅ​នេះ រថយន្ត​ដឹក​ទំនិញ​គេច​ពន្ធ​ចំនួន ៣​សណ្តោង ចេញ​ពី​ច្រក​អន្តរជាតិ​ដូង ទំនង​ឈ្មួញ​ដឹកយក​ទៅ​រាជធានី​ភ្នំពេញ ត្រូវបាន​គយ ប្រចាំ​ខេត្ត​ពោធិ៍សាត់​ស្ទាក់​ចាប់បាន ។​
​ប្រភព​ព័ត៌មាន​ដដែល​ឲ្យដឹងទៀតថា ទំនិញ​ដែល​គយ​បង្ក្រាប​នៅ​ខេត្តពោធិ៍សាត់​នោះ មាន​ប្រភេទ​ប្រហិត ១​សណ្តោង​រថយន្ត ជា​របស់​ឈ្មួញ​ឈ្មោះ ហាក់ ម៉ៅ និង​ទំនិញ​២​សណ្តោង​រថយន្ត​ទៀត ជា​របស់​ឈ្មួញ ឈ្មោះ​សុ ធា​រី ។​
​សេចក្តីរាយការណ៍​ឲ្យដឹង​ទៀតថា បន្ទាប់ពី​មាន​ភាពមិនប្រក្រតី នៃ​ការនាំ​ទំនិញគេចពន្ធ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ដូង​បែបនេះ លោក ឆាយ បូ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នោះដែរ ក៏​ត្រូវបាន​អគ្គនាយក​គយ និង​រដ្ឋាករ​កោះហៅ​ទៅ​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ពី​បញ្ហា​នេះ​ផង​នោះ​ទៀត ។ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ លោក ឆាយ បូ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ដូង បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា តាម​ទូរស័ព្ទ​ឲ្យដឹងថា បញ្ហា​គយ​ចាប់​បាន​ទំនិញ នៅ​ខេត្ត​ពោធិ៍សាត់ ៣​សណ្តោង​រថយន្ត​នោះ លោក​មិន​ដឹង​នោះទេ ។​
​សូមបញ្ជាក់​ថា នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​រថយន្ត​តូចធំ បាន​ដឹក​ទំនិញ​ចេញពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការដឹកជញ្ជូន​របស់​ក្រុម​ឈ្មួញ គេ​សង្កេតឃើញ​នៅ​ពេល​ព្រឹក និង​រសៀល​មិនសូវមាន​នោះទេ ។ ឈ្មួញ​ធ្វើ​ធ្វើឡើង ចាប់ពី​ល្ងាច​រហូតដល់​ពេល​យប់ លុះ​ដល់​បិទទ្វារ​ច្រក​ទើប​បញ្ឆប់​សកម្មភាព ។ ទំហំ​នៃ​ការនាំ​ទំនិញ​តាម​ច្រក​អន្តរជាតិ​ដូង បើ​តាម​គេ​ប៉ាន់ប្រមាណ​ថា ប្រសិន​មាន​ការគ្រប់គ្រង និង​មាន​ការបង់ពន្ធ​ឲ្យបាន​ត្រឹមត្រូវ​ប្រាក់ចំណូលព​ន្ធ និង​កើនឡើង​ជា​ទ្វេរ​ដង ៕