ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀន នៅម្តុំមន្ទីរពេទ្យព្រះកុសុមៈ ឃាត់ខ្លួនមនុស្ស ៣២នាក់ និងឧបកណ៍ប្រើប្រាស់មួយចំនួនធំ ។
ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់ស្មុគស្មាញនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១៥រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ) ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នេះ ដឹកនាំដោយលោក ប៉ុល និលឯក នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញរងអមសាលារាជធានីភ្នំពេញ ។
លោក ប៉ុល និលឯក ប្រាប់ឲ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាមកការិយាល័យលោក ចុះសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើរដ្ឋបាលនៅចំណុចតំបន់ស្មុគស្មាញភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលជាក់ស្តែងឃាត់បានមនុស្ស ៣២នាក់ (ប្រុស) ដកហូតសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ នាំទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។
គួររំឭកឲ្យដឹងថា កាលពីវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នៅតំបត់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នេះ សមត្ថកិច្ចចម្រុះធ្លាប់បានឃាត់ប្រុស ស្រី ចំនួន ៣៧នាក់ រួមទាំងប្រដាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ និងទូហ្គេមចំនួន ១២ទូ (ក្នុងនោះទូហ្គេមបាញ់ត្រីចំនួន១ និងទូហ្គេមចាក់សេះចំនួន ១១ទូ) ។
វត្ថុតាងទាំងអស់ និងជនសង្ស័យទាំង៣៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបានបញ្ជូនសំណុំរឿង បន្តទៅកាន់តុលាការរាជធានីភ្នំពេញ ចាត់ការតាមទៅតាមផ្លូវច្បាប់ផងដែរ។
ទោះយ៉ាងណាក្តីប្រជាពលរដ្ឋ ស្នើសុំឲ្យរដ្ឋាភិបាលចេញច្បាប់តឹងតែងបង្ក្រាបទីតាំងផ្សារលក់គ្រឿងញៀន នៅម្តុំមុខពេទ្យលោកសង្ឃនេះឲ្យអស់ ពីព្រោះវាបានសាបព្រោះឥទ្ឋិពលអាក្រក់ បង្កឲ្យយុវជនខ្មែររាប់ម៉ឺននាក់ ទទួលរងគ្រោះ ខូចសុខភាព ព្រាត់ប្រាស់ប្រពន្ឋកូនជាប់គុកច្រវាក់ គ្មានការងារធ្វើ សង្គមស្អប់ខ្ពើម ទាំងនេះក៏ជាការចូលរួមខុសត្រូវរបស់រដ្ឋាភិបាលផងដែរ ៕