បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ចេញពីរាំក្នុងក្លឹបហ្គោលថោន បានវាយ និងកាប់ចាក់គ្នាបណ្តាលឲ្យក្រុមភាគីម្ខាងរងរបួសដាច់ដៃខាងស្តាំ និងម្នាក់ទៀតរបួសបែកក្បាលយ៉ាងដំណំ។ ជនរងគ្រោះទាំង២នាក់ បន្ទាប់មកបានដឹកគ្នាតាមម៉ូតូ១គ្រឿង រត់គេច និងយួរដៃដែលដាច់ម្ខាងហូរឈាមដាបពេញដីមកកន្លែងការិយាល័យចរាចរណ៍ខេត្ត នៅក្បែរនោះឲ្យជួយអន្តរគមន៍ ក៏ប៉ុន្តែសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក្រុមជនបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់។
ជនរងគ្រោះទាំង២នាក់ នៅពេលនោះត្រូវបានកម្លាំងនគរបាលចរាចរណ៍ដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីសង្គ្រោះ ក៏ប៉ុន្តែមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណថា គ្មានលទ្ធភាពសង្គ្រោះ នគរបាលចរាចរក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះបន្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវចេញពីក្លឹបហ្គោលថោន ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងហេតុការណ៍ក្មេងទំនើងបង្កការវាយកាប់ចាក់គ្នារហូតដល់ដាច់ដៃ និងបែកក្បាលបែបនេះ មកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ដឹងថាមកពីបញ្ហាអ្វីនៅឡើយនោះទេ ហើយមុខសញ្ញាជនល្មើស ក៏មិនទាន់កំណត់បាននៅឡើយនោះដែរ ដោយសមត្ថកិច្ចមិនអាចរកការសាកសួរពីជនរងគ្រោះទាំង២នាក់ បាននៅឡើយខណៈ ជនរងគ្រោះកំពុងតែស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីនៅមន្ទីរពេទ្យ។ ក៏ប៉ុន្តែករណីនេះ គេសង្កេតឃើញនៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងកម្លាំងនគរបាលសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមការដាក់ចេញនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ធ្វើយ៉ាងណាតាមដាន ស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនក្រុមជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ កេង ឡៃស៊ីម ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសដាច់ដៃ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងទី២.ឈ្មោះ វ៉េង ឡុង ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសបែកក្បាល រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
បើតាមប្រភពព័ត៌មានពីអាណាព្យាបាលរបស់ជនរងគ្រោះដែលដាច់ដៃបានប្រាប់ឲ្យដឹងថា កូនគាត់បានដើរលេងចេញពីផ្ទះចាប់តាំងពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គាត់មិនដឹងកូននោះទៅទីណានោះទេ ដោយឳពុកម្តាយខំប្រឹងហៅតាមទូរស័ព្ទចូលក៏មិនលើកជាច្រើនដង ក៏កូនគាត់មិនលើកទូរស័ព្ទនោះដែរ។ លុះដល់យប់អធ្រាត្រថ្ងៃដដែលទើបដឹងថា កូនគាត់ត្រូវគេកាប់ដាច់ដៃ ៕