Friday, October 30, 2015

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១០​នាក់ ឆ្លងដែន និង​ស្នាក់នៅ​ខុសច្បាប់​

​សៀមរាប ៖ គណៈកម្មការ​ជំរឿន និង​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ របស់​ក្រសួង​មហាផ្ទៃ និង​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ទោ ជា គឹម​សាន នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​គនរ​បាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ជាច្រើនរូប​ទៀត កាលពី​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប រកឃើញ​ជនជាតិ​វៀតណាម​ចំនួន ១០​នាក់ ស្រី​៤​នាក់ អនីតិជន ៤​នាក់​ផង​ដែរ ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់ និង​ស្នាក់នៅ​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​។​

​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ បានបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​១០​នាក់​ខាងលើ​នេះ ត្រូវបាន​កម្លាំង​នគរបាល​នាំ​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​ចាប់​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​វិញ ៕