Sunday, October 18, 2015

សាលារាជធានីភ្នំពេញ៖ សេវា​រថយន្តក្រុង ខាត ១០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ​

​ភ្នំពេញៈ សេវា​រថយន្ត​ក្រុង​ដែល​ដំណើរការ​ដោយ​សាលា​រាជធានី បាន​នឹង​កំពុង​ខាតបង់​យ៉ាងខ្លាំង​ប្រមាណ ១០០ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​
​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អំពី​តួលេខ កាល​ពី​ម្សិលមិញ បន្ទាប់​ពី​តួលេខ​នេះ ត្រូវបាន​បង្ហាញ​ជា​លើកដំបូង ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក្រោយ​ពី​កិច្ចប្រជុំ​មួយ​កាលពី​សប្តាហ៍​មុន រវាង​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​។​
​អ្នកនាំពាក្យ​រូប​នេះ បាន​ពិចារណា​ពី​ការខាតបង់​ដោយសារ​សំបុត្រ​ជិះ​រថយន្តក្រុង មានតម្លៃ​ទាប ដែល​បច្ចុប្បន្ន​មាន​តម្លៃ ១.៥០០​រៀល និង​ការមិន​គិតថ្លៃ​សម្រាប់​សិស្ស ជនពិការ មនុស្ស​ចាស់ និង​ព្រះសង្ឃ​។​
​លោក​លើកឡើងថា ប៉ុន្តែ​ទោះបីជា​ប្រាក់ចំណូល​ខាតបង់​ខ្លាំង ក៏ដោយ ក៏​រដ្ឋាភិបាល​នឹង​មិន​បញ្ឈប់​ប្រតិបត្តិការ​នេះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ការកែលម្អ​សេវា​នេះ ឲ្យ​កាន់តែ​ប្រសើរ​។​
​លោក​បន្តថា យើង​នឹងមិន​គិត​អំពី​ការខាតបង់ ឬ​ការ​រក​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ​នេះ​នឹង​ផ្ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ ដល់​ប្រជាពលរដ្ឋ​។​
​លោក​លើកឡើងថា យើង​នឹង​ព្យាយាម​កែលម្អ​សេវា​នេះ តាមរយៈ​ការ​ធ្វើ​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​ពេលនេះ​។ សាលា​រាជធានី​ភ្នំពេញ កំពុង​ស្វែងរក​ការទិញ​រថយន្តក្រុង​បន្ថែមទៀត នៅក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​
​បច្ចុប្បន្ន​អ្នកធ្វើដំណើរ​ដោយ​រថយន្តក្រុង មាន​ចន្លោះ​ពី ៦.០០០​នាក់​ទៅ ៧.០០០​នាក់ ជា​រៀងរាល់ថ្ងៃ ដែល​មាន​រថយន្ត​ក្រុង​ចំនួន ៥០​គ្រឿង​រត់​នៅលើ​ផ្លូវ​ចំនួន​បី​ខ្សែ​។ នេះ​បើ​យោង​តាម​លោក​ឡុង ឌី​ម៉ង់​។​
​លោក​បញ្ជាក់ថា ចិន និង​ជប៉ុន សន្យាថា នឹង​ផ្ដល់ជំនួយ​ក្នុង​ការកែលម្អ​សេវាកម្ម​រថយន្តក្រុង ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថា នឹង​ធ្វើឡើង​ដូចម្ដេច និង​នៅពេលណា​នោះទេ​។​
​សាលា​រាជធានី​ភ្នំពេញ​បាន​សាកល្បង​រថយន្តក្រុង​លើកដំបូង កាលពី​ឆ្នាំ​២០០១ ប៉ុន្តែ​កង្វះ​មូលនិធិ សេវា​នេះ​ត្រូវបាន​បញ្ឈប់​មួយ​ខែ​ក្រោយ​មក​។​
​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការគាំទ្រ​ពី​សមាគម​សហប្រតិបត្តិការ​អន្តរជាតិ របស់​ប្រទេស​ជប៉ុន​(JICA) បាន​ដំណើរការ​សេវា​នេះ​ឡើងវិញ កាលពីដើមឆ្នាំ​២០១៤​។ អាជ្ញាធរ​ក្រោយមក​បាន​ប្រគល់​ប្រតិបត្តិការ​សេវា​នេះ ទៅឲ្យ​ក្រុមហ៊ុន Global (Cambodia) Trade Development ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ចិន ប៉ុន្តែ​សេវា​នេះ​ដំណើរការ​បាន​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​សាលា​រាជធានី​ទទួលយក​ពី​ក្រុមហ៊ុន Global (Cambodia) Trade Development មក​គ្រប់គ្រង​វិញ​។​
​លោក Lim Andre អគ្គនាយក​ក្រុមហ៊ុន Global (Cambodia) Trade Development បាន​ថ្លែងថា ការខាតបង់​ប្រចាំខែ គឺ​ភាគច្រើន​ដោយសារ​តែ​ប្រជាជន​ក្នុងស្រុក មិន​បាន​ជំរុញ​ឲ្យ​ជិះ​រថយន្តក្រុង ដោយសារ​តែ​ខ្សែ​រថយន្តក្រុង នៅមានកម្រិត និង​រយៈពេល​រង់ចាំ​យូរ នៅ​ចំណតរថយន្ត​ក្រុង​។​
​លោក​បន្ថែមថា ប្រសិនបើ​ខ្ញុំ ជា​អ្នក​ដំណើរការ​សេវា​នេះ ខ្ញុំ​នឹងមិន​ធ្វើឲ្យ​មាន​ការខាតបង់​ប្រាក់​ច្រើន​នោះ​ទេ​។ ខ្ញុំ​នឹង​ត្រូវតែ​ព្យាយាម​ក្នុង​ការបង្កើត​ខ្សែ​រថយន្តក្រុង​បន្ថែម និង​កាត់បន្ថយ​ពេលវេលា​រង់ចាំ​។​
​លោក​បញ្ជាក់ថា វា​មាន​ការពិបាក ក្នុង​ការកំណត់​ថា ការខាតបង់​នេះ​មាន​ចំនួន​ប៉ុន្មាន ចំពោះ​ការ​ជិះ​ដោយ​មិន​គិតថ្លៃ​ណាស់ ប៉ុន្តែ​លោក​ថ្លែងថា ក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត គេ​ផ្ដល់​ការបញ្ចុះ​តម្លៃ​ដល់​ប្រជាជន​មួយចំនួន​។​
​លោក អៀ ចរិយ៉ា អ្នកឯកទេស​សុវត្ថិភាព​ផ្លូវថ្នល់​ឯករាជ្យ បាន​ឯកភាព​ថា​កង្វះ​មធ្យោបាយ​ងាយស្រួល និង​ខ្សែ​រថយន្ត​មាន​កម្រិត​គឺជា​បញ្ហា​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​កែលម្អ ជាពិសេស​នៅ​តាម​ផ្លូវ​ថ្មើរជើង​ដែល​ប្រជាជន​ប្រើប្រាស់​ដើរ​ទៅរក​ចំណតរថយន្ត​ក្រុង​។
​លោក​ថ្លែងថា ប្រជាជន​យល់ថា វា​ពិបាក​ក្នុងការ​ដើរ​ទៅរក​ចំណតរថយន្ត​ក្រុង ដោយសារ​យើង​គ្មាន​ចិញ្ចើមថ្នល់​។ ខ្ញុំ​គិតថា រថយន្ត​សាធារណៈ ជា​ដំណោះស្រាយ​តែមួយគត់ សម្រាប់​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ក្នុង​ទីក្រុង​ភ្នំពេញ​៕