Monday, October 19, 2015

រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ហ្វ្រេស បុក​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ពីក្រោយ បណ្តាលឲ្យ​ស្លាប់ និង​រងរបួស​៧​នាក់

​បាត់ដំបង​៖ យ៉ាងហោច​ណាស់​មាន​អ្នកធ្វើដំណើរ​តាម​រថយន្ត​របស់​ក្រុមហ៊ុន​មេគង្គ អ៊ិច​ហ្វ្រេស​ចំនួន​៧​នាក់ បាន​រងគ្រោះ​បាត់បង់​ជីវិត និង​រងរបួស​ធ្ងន់​ស្រាល​ដោយ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ដែល​រថយន្ត​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ហ្វ្រេស​បុក​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ចត​ស្ងៀម​នៅលើ​ចញ្ចើមថ្នល់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បើ​តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ ស្រុក​ថ្មគោល​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ចំនួន​២​នាក់ មានឈ្មោះ ១,​ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្ត​ព្រៃវែង ២,​ហួយ ផេង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ចំណែក​អ្នក​រង​បួស​ធ្ងន់​ស្រាល​មាន​ចំនួន ៥​នាក់ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឲ្យដឹង​ទៀត​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ដឹក​ខ្សាច់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ធំ ៣A ១១៤២ បាន​ឈប់​ចត​ស្ងៀម​នៅលើ​ចិញ្ចើមថ្នល់​ដើម្បី​ចាក់ទឹក​ម៉ាស៊ីន ។ លុះ​បន្ទាប់មក​គេ​មិន​ដឹង​រថយន្ត ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ហ្វ្រេស​មាន​បញ្ហា​អ្វី​នោះ​ទេ បាន​បើក​យ៉ាង​លឿន​ហើយ ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​ក្រុមហ៊ុន មេគង្គ​អ៊ិច​ហ្វ្រេ​សស្លាប់​២​នាក់​ដោយ​សាកសព​គាប​ជាប់​ក្នុង​រថយន្ត​ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​៥​នាក់​បន្ទាប់​មក​ត្រូវបាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សង្គ្រោះ​បញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ ។ សាកសព​ជនរងគ្រោះ​២​នាក់​នោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​គាស់​យក​សព ហើយ ដឹកយក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ទំនាក់ទំនង​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំពោះ​អ្នកបើករថយន្ត​ទាំង​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ហ្វ្រេស និង​រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ខ្សាច់​ទាំង​២​នាក់​ក៏​នាំគ្នា​រត់គេច​ខ្លួន​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​សេចក្តីរាយការណ៍​ឲ្យដឹងទៀតថា អ្នកបើករថយន្ត​មេគង្គ​អ៊ិច​ហ្វ្រេស​រត់គេចខ្លួន​ទាំង​ទទួល​រងរបួស ។​
​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នគរបាល​ចរាចរ​ស្រុក​ថ្មគោល​បាន​ធ្វើ​សន្និ ដ្ឋា​ន​ជាបឋម​ថា អាច​បង្កឡើង​ដោយ​អ្នកបើក​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ហ្វ្រេស បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​គេ​សង្ស័យ​អ្នកបើក​រប​បើករថយន្ត​ងងុយដេក ។ រថយន្ត​ទាំង​២​គ្រឿង​ក្រោយ​ពី​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​រួចរាល់ ក៏​បាន​ស្ទុច​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ទុក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕