ស្វាយរៀង៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀង ឃាត់ខ្លួន នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីលួចលុយ ក្នុងកន្លែងដូរលុយ ។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងខេត្ត និងស្រុកស្វាយទាប ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ដួង សីហា ភេទប្រុស អាយុ២៩ ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង ដែលបានលួចយកលុយក្នុងទូដូរលុយខណៈដែលទៅដូលុយហើយម្ខាស់មិននៅ ។
សមត្ថកិច្ចបានបន្តថា ទូដូរលុយខាងលើជារបស់ឈ្មោះ នុត ផល្លី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរដូរលុយ ។ សមត្ថកិច្ចបានសួរចម្លើយ ហើយជនសង្ស័យបានឆ្លើយថាខ្លួនបានលួចយកលុយក្នុងទូពិតមែនតែខ្លួនបានជិះម៉ូតូរត់ហើយផ្ទួលម៉ូតូ រួចរត់ចោល ត្រូវបានឈ្មោះ កាន់ ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ រើសយកទាំងអស់ខ្លួនមិនដឹងថាលុយនោះមានប៉ុន្មានទេ ។
ក្រោយបានចម្លើយសារភាពរបស់ជនសង្ស័យទី ១ ខាងលើ សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនសង្ស័យទី២ ហើយជនសង្ស័យទី២ បានឆ្លើយថាខ្លួនបានដេញជនសង្ស័យទី១ ហើយបានឃើញជនសង្ស័យផ្តួលម៉ូតូខ្លូនបានឈប់មើលហើយឃើញលុយក៏បានរើសយកហើយមិនបានប្រគល់ឲ្យនគរបាលទេ គឺខ្លួនបានយកមកធ្វើមាសបានចំនួន ៣ ជី(ខ្សែក) អស់លុយចំនួន ២៥០ ដុល្លា និង ៧៣៦០០០ រៀល និងនៅសល់លុយ៣០០ ដុល្លារ និង៧០០០០០រៀល ។
បន្ទាប់ពីបានកសាងសំណុំរឿងរួចរាល់ នារសៀលថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៤:៣០នាទី ជំនាញព្រហ្មទណ្ឌខេត្តសម្រេចបញ្ជួនជនសង្ស័យទាំងពីរនាក់ ទៅកាន់តុលាការខេត្តចាត់ការតាមច្បាប់ ៕