Thursday, October 22, 2015

ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី ក្នុង​ខណ្ឌ​ទួលគោក

ភ្នំពេញ ៖ ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី ច្រើន​កន្លែង​ក្នុង​ខណ្ឌ​ទួលគោក កំពុង​បន្ត​លេង​ដោយ​គ្មាន​ការ​អើពើ ពី​សំណាក់​អាជ្ញាធរ ក៏ដូជា​លោក​អភិបាល​ខណ្ឌ​ទួលគោ​ក ឯក ឃុន​ឌឿ​ន រហូតមកដល់​ពេលនេះ បើទោះបីជា​ប្រជាពលរដ្ឋ​រាយការណ៍​ថា បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ក្រុម​ក្មេង​សិស្សសាលា​ដែល​ញៀន​ល្បែង ភ្លេច​គិត​ការរៀនសូត្រ និង​មួយចំនួន​ក្លាយ​ជា​ក្រុម​សមាសភាព​មិនល្អ បង្កបញ្ហា​អសន្តិសុខ​ដល់​សង្គម​។​

​ទាក់ទង​និង​បញ្ហា​ខាងលើ លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌ​ទួលគោក បាន​ឆ្លើយតប​ខ្លី​ថា នឹង​ចាត់​កម្លាំង​ចុះ​ធ្វើ​វិធានការ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់ងារ តែ​រហូត​មកដល់ពេលនេះ នៅតែ​បន្ត​ការបើកទ្វារ​ធ្វើ​អាជីវកម្ម គ្មាន​ខ្លាចរអា​ចំពោះ​សមត្ថកិច្ច​។​
​ល្បែងស៊ីសង​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បើក​លេង​យ៉ាង​អនាធិបតេយ្យ ២៤​ម៉ោង លើ​២៤​ម៉ោង ជាក់ស្តែង​នៅតាម​ផ្លូវ​២២៥ ផ្លូវ​២៥៥ ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង និង​ផ្លូវ​១៩២ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់ ក្នុង​ខណ្ឌ​ទួលគោក ដែល​ក្នុងនោះ ប្រជាពលរដ្ឋ​បន្ត​ឲ្យដឹងថា មាន​បង្កប់​ការជួញដូរ​គ្រឿងញៀន ដល់​អ្នក​ដែល​ទៅ​លេងល្បែង​ក្នុង​ទីតាំង​មួយចំនួន​ផងដែរ ទីតាំង​ខ្លះ​ជ្រក​ក្រោម​ផ្លាក​ហាង កាហ្វេ ឯ​ទីតាំង​ខ្លះ​មាន​ការបិទទ្វារ​កញ្ចក់​ខ្មៅ ដែល​មិន​អាច​មើលឃើញ​។​
​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ លោក​អភិបាល​ខណ្ឌ​ទួលគោក ជួយ​ត្រួតពិនិត្យ​មើល​តាម​ទីតាំង​ខាងលើនេះ​ផង ព្រោះ​ពួកគាត់​បារម្ភ​ពី​កូនចៅ ដែល​តែង​គេច​សាលា​លួច​លុយកាក់ និង​របស់ទ្រព្យ​ក្នុងផ្ទះ​យកទៅ​លក់​លេងល្បែង​បាញ់​ត្រី ម្យ៉ាង​ពួកគាត់​ក៏​ព្រួយបារម្ភ​ពី​ភាពអសន្តិសុខ ក្នុងសង្គម ដែល​កើតឡើង​ដោយសារ​ចោរ​លួច ឆក់ ប្លន់ ដែល​កើតចេញ​ពី​ល្បែងស៊ីសង​បាញ់​ត្រី​នេះ​ផងដែរ ៕