កណ្តល ៖ មនុស្សប្រុស ស្រី៧នាក់ សុទ្ធសឹងជាកម្មករ កម្មការីនីរោងចក្រកាត់ដេរ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តនីសាន់ចំណុះ៥តោន បើកបុករះរថយន្ត២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៦:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។
ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តក្រុមហ៊ុន “ឡាម៉េងហួត” បានដោះស្បែកជើងរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮ បានឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ ចំណុះតោន៥ ពណ៌សលាយក្រហម ពាក់ស្លាកលេខ តាកែវ 3A-0759 ត្រូវគេស្គាល់ថា ជារថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ឡាម៉េងហួត បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ រថយន្ត២គ្រឿងទៀតម៉ាកកាមរីគូថហើម ពណ៌សំបឪឡឹក ពាក់ស្លាកលេខភ្នំពេញ2C-1096 បើកបរដោយឈ្មោះ ប៉ូវ នី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខណ្តាល2A-6541 បើកបរឈ្មោះ ទ្រី សោភណ្ឌ័ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ។
លោកអធិការបន្តថា ជនរងគ្រោះ៧នាក់រងរបួសធ្ងន់ និងស្រាលនោះសុទ្ធសឹងជាកម្មករ កម្មការីនីរោងចក្រកាត់ដេរ ជិះលើរថយន្តទួរីស ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ កណ្តាល2A-6541។ ជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ម៉ាត់ ហ្វីណា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង។ ដោយឡែកជនរងគ្រោះដែលរងរបួសស្រាលទី១-ឈ្មោះ គង់ សាវី ភេទប្រុស អាយុ ២៦ឆ្នាំ, ទី២-ស៊ីថា រ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ, ទី៣-ឈ្មោះ ឆែម ពិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ទី៤-ឈ្មោះ ឆែម រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៥-ឈ្មោះ ឱក សុខភឿន ភេទប្រុស អាយុ ១៩ឆ្នាំ ។ ជនរងគ្រោះទាំង៦នាក់នេះមានទីលំនៅក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ។
លោកវរសេនីយ៍ទោ ដួង តេង បានបញ្ជាក់ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សាក្សីបានឃើញរថយន្តសាំយ៉ុងបើកដើរដឹកក្រុមកម្មករ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង រីឯរថយន្តកាមរីបើកពីក្រោយរថយន្តសាំយ៉ុងដឹកកម្មករ ពេលបើកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តនីសាន់ ខាងលើបើកបរយ៉ាងលឿន មកពីក្រោយបុករះរថយន្តទាំងពីរគ្រឿងពេញមួយទំហឹង បណ្តាលឲ្យមានមនុស្សរងរបួស និងខូចខាតរថយន្តយ៉ាងដូច្នេះ។
បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើកំណត់ហេតុ វាស់វែងដកហូតយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕