ភ្នំពេញ ៖ ក្នុង ឆ្នាំ២០១៤ និង ២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់ ៣៧២៧ នាក់ (ស្រី ៦៨៣នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ៣២៨៧នាក់ (ស្រី ៦៥១នាក់) ត្រូវបានសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជា ។
នៅក្នុងឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ១៣០៧ នាក់ (ស្រី ២៧៧នាក់) មាន ២៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១០៥៩នាក់ (ស្រី ២៤៥នាក់) ។ ចំណែកឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកញ្ញា ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ២៤២០ នាក់ (ស្រី ៤០៦នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ២២២៨នាក់ (ស្រី ៤០៦នាក់) ។
ស្ថិតិជនបទបទេសដែលបានឃាត់ខ្លួន និងបានបណ្តេញចេញដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទ៣០ ខែកញ្ញា ឆ្នាំ២០១៥ សរុប ១៩៦៦ នាក់ (ស្រី ៣០៤នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១៨០៣នាក់ (ស្រី ៣០៧នាក់) ។
ចំណែកស្ថិតិជនបរទេសដែលបានឃាត់ខ្លួន បណ្តេញចេញតាមបណ្តាខេត្ត រាជធានី តាម ច្រកទ្វាព្រំដែនអន្តរជាតិ គិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៥ សរុប ៤៥៤ នាក់ (ស្រី ១០២នាក់) មាន ២សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ៤២៥នាក់ (ស្រី ៩៩នាក់) ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ជនជាតិវៀតណាមប្រមាណ ៤២នាក់ (ស្រី៣នាក់) ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកតាមរថយន្តបញ្ជូនចេញពីទឹកដីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមវិញ តាមច្រកអន្តរជាតិព្រំដែនបាវិត ។ ជនជាតិវៀតណាមទាំងនេះ ឃាត់បានមួយចំនួនមកពីភូមិបាត់ដឹង ឃុំខ្សេមខ្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងមួយចំនួនទៀត ឃាត់បានមកពី ខេត្តបន្ទាយមានជ័យ ខេត្ត សៀមរាប និង រាជធានីភ្នំពេញ ។
ដោយឡែកកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានចុះធ្វើការត្រួតពិនិត្យជនបរទេសដែលកំពុងបំរើការងារនៅក្នុងរោងចក្រផលិតស្រាបៀរកម្ពុជា នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ឃាត់បានជនជាតិវៀតណាម ៥នាក់ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនបរទេសដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងរោងចក្រផលិតស្រាបៀរកម្ពុជានោះ សរុបចំនួន ៨២នាក់ ក្នុងនោះជនជាតិអាឡឺម៉ង់ ២នាក់ ជនជាតិបារាំង ១នាក់ និងជនជាតិវៀងណាម ៧៩នាក់ ។ ក្នុងចំណោមជនបរទេសទាំង ៨២នាក់នោះ គឺមានជនជាតិវៀតណាម ៥នាក់ អត់មានលិខិតឆ្លងដែនត្រឹមត្រូវ ត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕