Wednesday, October 21, 2015

រយៈពេល​២២​ថ្ងៃ នគរបាល​ខេត្ត​កណ្ដាល បង្ក្រាប​គ្រឿងញៀនបាន​ចំនួន​១៩​ករណី ចាប់ខ្លួន​មនុស្ស​៣៨​នាក់​

​កណ្ដាល ៖ ក្នុង​កិច្ច​ប្រត្តិបត្តិការ​បង្ក្រាបកា​រ​ជួញដូរ ចែកចាយ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន តាម​បណ្តា​ស្រុក​-​ក្រុង គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ មាន​រយៈពេល​២២​ថ្ងៃ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ល្បាត​ធ្វើការ​ស្រាវជ្រាវ ពួនស្ទាក់ និង​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ ចែកចាយ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ជា​បន្ត​បន្ទាប់​បាន​ចំនួន​១៩​ករណី ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៨​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​ជនជាតិ​វៀតណាម ២​នាក់ ចាប់​តាម​ដីកា​របស់​សាលាដំបូង ៤​ករណី ជនជាតិខ្មែ​-​ឥស្លាម ១​នាក់ អប់រំ​កិច្ច​ធ្វើ​សន្យា ៤​ករណី មនុស្ស ៦​នាក់ និង​រត់គេច ៤​ករណី មនុស្ស​៧​នាក់​។​

​សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់ន្ថែមថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ចាប់​យក​វត្ថុតាង​រួមមាន ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ៧៦​កញ្ចប់ ស្មើនឹង ១៥,២១​ក្រាម រថយន្ត ១​គ្រឿង ម៉ូតូ ១០​គ្រឿង​, ទូរស័ព្ទ ១៨​គ្រឿង​, កង់ ៣​គ្រឿង​, កាំភ្លើង​ស្នប់ ១​ដើម​, ដែកកេស​១៣, កញ្ចប់​បារី​១, កាំបិត​ចុង​ស្រួច​២, ស្បែកជើង​សម្រាប់​លាក់​ថ្នាំញៀន​ចំនួន ៤​គូរ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ចែកចាយ និង​ប្រើប្រាស់​មួយចំនួនទៀត ៕