ឥណ្ឌូនេស៊ី: នៅថ្ងៃពុធទី២២ ខែមេសា មេដឹកនាំចិន និងជប៉ុនបានប្រារព្ធកិច្ចពិភាក្សាគ្នា ដែលទើបតែជាលើកទីពីរប៉ុណ្ណោះតាំងពីឡើងកាន់ដំណែង ដើម្បីស្វែងរកការផ្សះផ្សាចំណងមិត្តភាពដែលត្រូវបានបែកបាក់ដោយសារជម្លោះដែនអធិបតេយ្យភាព និងប្រវត្តិសង្គ្រាមដ៏ជូរចត់ ។
មន្ត្រីជប៉ុនម្នាក់បានប្រាប់ AFP ដោយមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជួបពិភាក្សាគ្នាក្រៅកិច្ចប្រជុំកំពូលក្នុងប្រទេសឥណ្ឌូនេស៊ីប្រហែល៣០នាទី ។ ដោយការចាប់ដៃគ្នាមុនពេលកិច្ចពិភាក្សាចាប់ផ្ដើម មេដឹកនាំទាំងពីរ មើលទៅមានភាពស្រស់ស្រាយជាងពេលកិច្ចប្រជុំកាលពីខែវិច្ឆិកាឆ្នាំមុននៅប្រទេសចិន ដោយការចាប់ដៃដែលគ្មានភាពរាក់ទាក់នឹងគ្នា ៕