Tuesday, March 10, 2015

នៅចិន មានល្បែងឆ្កែ ប្រយុទ្ធគ្នា គួរឲ្យជក់ចិត្ត

ចិន៖ ប្រមូលផ្តុំ​គ្នា​រាប់រយ​ នាក់ ហ្វូង​ទស្សនិកជន​បាននាំគ្នា​ចោមរោម​មើល​ជុំវិញ ខណៈដែល​ឆ្កែ​ពីរ​ក្បាល​ត្រូវបាន​បង្ខំ​ឲ្យ​ប្រយុទ្ធ​គ្នា​រហូត​ទាល់តែ​ងាប់​ នៅក្នុង​ទ្រុង​ដ៏​យង់ខ្នង​។ 
ទិដ្ឋភាព​គួរ​ឲ្យ​ តក់​ស្ល​ត់​ពី​ចិន​ភាគ​ខាងជើង​ទាំងនេះ​បាន​នាំ​ឲ្យ​មាន​កំហឹង​កើតចេញពី​ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ក្នុងប្រទេស​នេះ ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​កែប្រែ​ច្បាប់ ​ដើម្បី​ការពារ​ឆ្កែ​ទាំងនេះ​។ នេះ​បើ​យោង​តាម​​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៣ ខែមីនា​។​

ប៉ុន្តែ​អ្នកភូមិ​ក្នុងស្រុក​ដែល​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ការពារ​ល្បែង ​ឆ្កែ​ប្រយុទ្ធ​គ្នា​នេះ​ថា​ជា "​ការកម្សាន្ត​" ដ៏​ចាំបាច់​មួយ​នៅ​ផ្នែក​ដ៏​ដាច់ស្រយាល​មួយ​នៃ​ប្រទេស​ចិន​។ 
ល្បែង​ឆ្កែ​ប្រយុទ្ធ​គ្នា ដែលមាន​រយៈពេល​រាប់​ថ្ងៃ ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកភូមិ ៦ នាក់​នៅក្នុង​ភូមិ​សាន​ជាវ នៅ​ទីក្រុង​ជី​សាន ភាគ​ខាងជើង​ខេត្ត​សាន​ស៊ី​របស់​ចិន ដើម្បី​ជាការ​បិទ​ឆាក​ចុងក្រោយ​នៃ​ការអបអរ​បុណ្យចូលឆ្នាំ​ចិន​។ 
ការប្រកួត​នេះ​បើកទូលាយ​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​បាន​យក​ឆ្កែ​មកជា​មួយ ហើយ​ជ័យលាភី​នៃ​ការប្រកួត​នីមួយៗ​នឹង​ទទួលបាន​បារី​មួយកញ្ចប់ និង​ពែង​ចិន​មួយ​។ 
អ្នករៀបចំ​ម្នាក់ ឈ្មោះ ស៊ី ផាន អាយុ៤៥ឆ្នាំ បាន​លើកឡើងថា ដោយសារ​ភូមិ​នេះ​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល​ក្រីក្រ ដូច្នេះ​អ្នកស្រុក​មានតែ​សម្រេចចិត្ត​បង្កើត​ការកម្សាន្ត​ដោយ​ខ្លួនឯង​។ 
លោក​បាន​និយាយថា "​មនុស្ស​ក្នុង​ទីក្រុង​នេះ​ បាន​រិះគន់​ល្បែង​ឆ្កែ​ប្រយុទ្ធ​គ្នា​របស់​យើង ប៉ុន្តែ​ពួកគេ​មាន​លុយ​សម្រាប់​ការកម្សាន្ត​គ្រប់​ប្រភេទ ដែល​យើង​ពុំមាន​ដូច​។ ដូច្នេះ​យើង​ត្រូវតែ​រៀបចំ​អ្វីមួយ​ដើម្បី​ផ្តល់​ការកម្សាន្ត​ដល់​ខ្លួន​យើង ​"​ 
ខណៈ​ត្រូវបាន​ហាមឃាត់​ក្នុងប្រទេស​ មួយចំនួន ល្បែង​ឆ្កែ​ប្រយុទ្ធ​គ្នា​គឺជា​ការទាក់ទាញ​ទូទៅ​មួយ​នៅ​ចិន​ភាគ​ខាងជើង ដែល​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​ជាង ១០០រៀងរាល់ឆ្នាំ ដោយបាន​ទាក់ទាញ​អ្នកទស្សនា​មកពី​បណ្តា​ខេត្ត​ជុំវិញ និង​ភ្ញៀវទេសចរ​ផងដែរ​។ 
ប៉ូលិស​បាន​និយាយថា ព្រឹត្តិការណ៍​នេះ​ពុំបាន​ល្មើស​ទៅនឹង​ច្បាប់​អ្វី​នោះទេ ដូចនេះហើយ​គ្មាន​បណ្តឹង​ផ្លូវការ​ណាមួយ​ដាក់​ប្តឹង​នោះទេ​។ ប៉ូលិស​បាន​បន្ថែមថា មនុស្ស​មួយចំនួន ដែល​បង្ហាញមុខ​នៅ​កន្លែង​ឆ្កែ​ប្រយុទ្ធ​គ្នា តាម​ការ​ឲ្យ​ដឹងបាន​កញ្ឆក់​យក​ឆ្កែ​ឥត​ម្ចាស់​តាម​ដងផ្លូវ និង​អះអាងថា​ឆ្កែ​ទាំងនោះ​គឺជា​ឆ្កែ​ចិញ្ចឹម​របស់ខ្លួន​ទៀតផង​៕