ភ្នំពេញ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥០នាក់ដែលមិនមានឯកសារគ្រប់គ្រាន់ និងស្នាក់នៅធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ និងក្នុងរាជធានីភ្នំពេញ។
ជនជាតិវៀតណាម ដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន៥០នាក់ មានស្រីចំនួន២៦នាក់ ហើយជនបរទេសទាំងនេះ បានប្រើប្រាស់លិខិតឆ្លងដែនខុសទិសដៅ ក្នុងនោះបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើការដោយខុសច្បាប់។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាននិយាយថា ជនបរទេសខាងលើ និងត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។យ៉ាងណាក៏ដោយ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសំណូមពរអោយជនបរទេសគ្រប់រូប ដែលរស់នៅ និងប្រកបរបររកស៊ីនៅកម្ពុជាត្រូវមានឯកត្រឹមត្រូវតាមផ្លូវច្បាប់។
សូមរំឮកថា កាលពីខែកក្តដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចុះបង្ក្រាបជនបរទេស ដែលធ្វើការ និងរស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់បានចំនួន១១៦៨នាក់បញ្ចួនទៅប្រទេសកំណើតវិញ។ ជនបរទេសទាំងនោះ មាន២៥សញ្ជាតិ ដូចជា ប្រទេសចិន ថៃ ឡាវ ហ្វីលីពីន កូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ី កាមេរ៉ូន គីនេរ នីហ្សេរីយ៉ា ហ្គាណា រួមទាំងជនជាតិផ្សេងៗ មួយចំនួនទៀតផងដែរ។
ពាក់ព័ន្ឋករណីនេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អង្គភាពពាក់ព័ន្ឋ ចូលរួមសហការ បង្ការទប់ស្កាត់ការលួចឆ្លងដែន ដើម្បីអនុវត្តច្បាប់អន្តប្រវេសន៍ក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ឋភាពខ្ពស់៕