សហរដ្ឋអាមេរិក៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Michele Ferrero ជាមហាសេដ្ឋីមួយរូប ជនជាតិអ៊ីតាលី និងជាអធិរាជផលិតស្ករសូកូឡា ល្បីល្បាញ នៅទូទាំងពិភពលោក បានទទួលមរណភាពហើយ ក្នុងអាយុ៨៩ឆ្នាំ ។ ក្រុមហ៊ុនឯកជនរបស់លោក ដែលមានឈ្មោះល្បីល្បាញ ផលិតស្ករសូកូឡា មានឈ្មោះថា Nutella ក្នុងនោះមាន Ferrero Rocher chocolates, Kinder eggs និង Tic Tac sweets ។
លោក Ferrero បានស្លាប់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ នៅគេហដ្ឋានរបស់លោក នៅប្រទេសម៉ូណាកូ បន្ទាប់ពីរូបលោកបានធ្លាក់ ខ្លួនឈឺក្នុងអំឡុងពេល ជាច្រើនខែមកហើយ ។ បើតាមការអះអាងពីតំណាងក្រុមហ៊ុន លោកបានឲ្យដឹងយ៉ាងដូច្នេះ ។
លោក Sergio Mattarella ប្រធានាធិបតីអ៊ីតាលី បានប្រសិទ្ធិនាមលោកថា “សហគ្រិនដែលកើតដំបូងគេបង្អស់” ។ គេបានដឹងថា ឪពុករបស់លោក Ferrero ជាអ្នកធ្វើនំម្នាក់ ដែលគេស្គាល់ឈ្មោះថា Pietro ដោយបានបង្កើតក្រុមហ៊ុន Nutella ក្នុង ឆ្នាំ ១៩៤៦ ។
គេក៏បានដឹងថា ក្រុមហ៊ុន Nutella ត្រូវបានទទួលស្គាល់ ពាសពេញពិភពលោក ហើយបានផលិតចេញ នៅតាមបណ្តារោងចក្រចំនួន ១១ និងបានលក់ចេញផលិតផល ទៅកាន់បណ្តាប្រទេសចំនួន ១៦០នៅទូទាំងសកលលោក ។ បុគ្គលិកដែលបម្រើការងារឲ្យ ក្រុមហ៊ុនរបស់លោក Ferrero មានជាង ២២ពាន់នាក់ ហើយការលក់ចេញ ផលិតផលក្នុង ១ឆ្នាំៗទទួលបាន ប្រាក់ចំណូលជាង ៥,៩ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ៕