ជប៉ុន៖ កាសែត The NewYork Times បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា តួលេខដែលបានបង្ហាញពី រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចជប៉ុន បានកើនឡើងក៏ពិតមែន តែការកើនឡើងនេះ វាទាបជាងការព្យាករណ៍ ។ ផ្អែកតាមរបាយការណ៍បឋមមួយ ដែលចេញដោយគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា កំណើនផលិតផល សរុបក្នុងស្រុក ឬហៅថា ជីឌីភី គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៤ បានកើនឡើង២,២ភាគរយ ។ តួលេខនេះ គឺទាបជាងការព្យាករណ៍ ដោយសង្ឃឹមថាបានកើនឡើង ៣,៧ភាគរយ ឯណោះ ។
បើទោះបីជាកំណើនសេដ្ឋកិច្ច របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣ លើលោកមួយនេះ បានកើនឡើង ក៏ពិតមែន តែគេនៅតែមើលឃើញ និងដឹងច្បាស់ថា វិស័យជាច្រើនស្ថិតក្នុងស្ថានភាពធ្លាក់ចុះនៅឡើយទេ ។ គេបានដឹងថា ចាប់តាំងពីចុងឆ្នាំ២០១២ ដែលលោក ស៊ីនហ្ស៊ូ អាបេ ចូលកាន់តំណែងវិញនោះ លោកបានព្យាយាមយ៉ាងខ្លាំង ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចជប៉ុន ឲ្យប្រសើរឡើងបានមួយកម្រិតដែរ ដោយលោកបានដាក់គោលការណ៍មួយ ហៅថា Abenomics រាល់កិច្ចការទាំងពួងត្រូវបានអនុវត្តន៍ ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកនឹងជំរុញឲ្យការនាំចេញ របស់ជប៉ុន មានសន្ទុះឈានឡើង និងបង្កើនការទាក់ទាញ ដល់ភ្ញៀវទេសចរទៀតផង ។ ក្រុមអ្នកវិភាគជាច្រើនបានរំពឹងថា សម្រាប់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ និងឆ្នាំក្រោយ នឹងកើនឡើង ១,៥ ឬ ២ភាគរយ ៕