រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានហាមជាដាច់ខាត និងព្រមានចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះករណីល្មើសច្បាប់ ចំពោះក្រុមហ៊ុនឯកជន ដែលបានប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ បំពាក់លើយន្តហោះ បញ្ជា “Drone” ផ្តិតយករូបភាព ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលបង្កនូវភាពអសកម្ម និងប៉ះពាល់ ដល់សិទ្ធិរស់នៅឯកជន របស់ប្រជាពលរដ្ឋទូទៅ ។
សាលារាជធានី ភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ ការប្រើប្រាស់ ម៉ាស៊ីនថតរូប និងវីដេអូ បំពាក់លើយន្តហោះបញ្ជា “Drone” ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជន បានជ្រាបថា ថ្មីៗនេះ មានក្រុមហ៊ុន ទូរទស្សន៍ឯកជន និងបុគ្គលឯកជនខ្លះ បានប្រើប្រាស់ ម៉ាស៊ីនថតរូបភាព និងវីដេអូ បំពាក់យន្តហោះ បញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ “Drone”
ក្នុងការផ្តិតយករូបភាព ធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិរស់នៅ ជាឯកជន របស់ប្រជាពលរដ្ឋទូទៅ និងដល់សន្តិសុខ សុវត្ថិភាពសាធារណៈ ព្រមទាំងបង្កនូវភាពអសកម្ម មួយចំនួនទៀត។
សាលារាជធានីភ្នំពេញ បានលើកឡើងទៀតថា ដើម្បីធានាបាននូវ ការគោរពសិទ្ធិរស់នៅ របស់ប្រជាពលរដ្ឋ និងរក្សាបាននូវ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ សូមហាមមិនឲ្យមាន ការប្រើប្រាស់ឧបករណ៍ ខាងលើ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាដាច់ខាត ៕