រាជធានីភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ កុម្ភៈ នៅវិមានសន្តិភាព លោក អ៊ើគី ទួមីអូចា (Erkki Tuomioja) រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ បានសន្យាជួយចូលរួមចំណែក ដល់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ ឲ្យកាន់តែប្រសើរឡើង ក៏ព្រោះតែការអភិវឌ្ឍនេះ មានទំហំធំធេងណាស់សំរាប់កម្ពុជា ។
លោក Erkki Tuomioja បានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសទាំងពីរថែមមួយជំហានទៀត ព្រមជាមួយមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ច ដែលកំពុងតែ មានភាពរស់រវើក នៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះសោធ គឺកំពុងតែមានមោទនភាព ។
នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួប ។ លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ ក៏បានស្នើសុំស្វែងយល់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីដំណើរការ នៃការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជាជាបន្តទៀត ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរាបជូនលោករដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ ពីប្រវត្តិសង្ខេបរបស់កម្ពុជា ដែលបានចាប់ផ្តើមពីបាតដៃទទេមក ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅកំណែទម្រង់ របស់កម្ពុជា លើវិស័យសេដ្ឋកិច្ច គឺធ្វើយ៉ាងណាជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ច យ៉ាងតិច៧% ក្នុងរយៈពេលវែង និងកាត់បន្ថយភាពក្រីក្រ ឱ្យបានជាង ១% ក្នុង១ឆ្នាំ និងជំរុញកំណែទម្រង់ លើវិស័យហិរញ្ញវត្ថុសាធារណៈ វិស័យតុលាការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរដ្ឋបាលសាធារណៈ ហើយអ្វីដែលជាកត្តាសំខាន់ នោះ រាជរដ្ឋាភិបាល មានយទ្ធសាស្ត្រចតុកោណ និងអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នង នៃយុទ្ធសាស្ត្រនេះ៕