Thursday, February 19, 2015

រាជរដ្ឋាភិបាល​កម្ពុជា ចង់ឱ្យ​មាន​ចលនា​ភូមិ​ថ្មី នៅ​កម្ពុជា ព្រោះ​ចលនា​ភូមិ​ថ្មី អាច​ជួយ​ដល់​កម្ពុជា​ឈាន ទៅកាន់​ការអភិវឌ្ឍន៍

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ចង់ឱ្យ​មាន​ចលនា​ភូមិ​ថ្មី នៅ​កម្ពុជា ព្រោះ​ចលនា​ភូមិ​ថ្មី អាច​ជួយ​ដល់​កម្ពុជា ឈាន​ទៅ​កាន់​ការអភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស ដូច​ប្រទេស​កូរ៉េ ។ សម្តេច​តេជោ​បន្តថា ចលនា​ភូមិ​ថ្មី អាច​បញ្ចូល​គ្នា ទៅ​នឹង​ចលនា ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​កំពុង​តែ​អនុវត្តន៍ នៅ​កម្ពុជា​នា​សព្វថ្ងៃ ។ នេះ​ជា​ការបញ្ជាក់ របស់​សម្តេច​តេជោ ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ លោក គីម វ័ន​យីន (Kim Weon Jin) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណៈរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព ។​
​លោក Kim Weon Jin បាន​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ខេត្ត​កំពង់ចាម កំពង់ស្ពឺ ហើយ​បាន​យល់ឃើញថា គម្រោង​ចលនា​ភូមិ​ថ្មី ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ជំរុញ​ចលនា​នេះ ឱ្យ​ពេញទំហឹង នៅក្នុង​ព្រះរាជាណា​ចក្រម្ពុជា ។ ក្នុង​អណត្តិ​ថ្មី លោក​នឹង​ប្រឹងប្រែង ធ្វើយ៉ាងណា​ឱ្យមាន​ទេសចរណ៍​កូរ៉េ មក​កម្ពុជា កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ឱ្យអស់​ពី​សមត្ថភាព គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា កូរ៉េ ឱ្យ​កាន់តែ​ល្អ​ថែមទៀត ។ នេះ​ជា​បញ្ជាក់ របស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បញ្ជាក់​ប្រាប់​អ្នកកាសែត នៅ​ក្រោយ​ជំនួប​នោះ ។​
​សម្តេច​តេជោ បាន​សំដែង​ការអបអរសាទរ ចំពោះ​ការតែងតាំង លោក គីម វ័ន យីន ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា ។ សំរាប់​ចលនា​ភូមិ​ថ្មី​នោះ រាជ​រដ្ឋា​ភិ បាល​កម្ពុជា ចង់ឱ្យមាន នៅ​កម្ពុជា ព្រោះ​ចលនា​ភូមិ​ថ្មី អាច​ជួយ​ដល់​កម្ពុជា​ឈាន ទៅកាន់​ការអភិវឌ្ឍន៍ ។​
​សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ឯកអគ្គរដ្ឋទូត​ថ្មី ដែល​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត និង​បាន​ជូនពរ​ឱ្យ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម គីម វ័ន យីន ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ៕