Saturday, February 21, 2015

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​គាស់​គាស់​ផ្ទះ​ប្រជាពលរដ្ឋ យក​សម្ភារៈ

​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១​និង​៣០​នាទី មាន​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ យក​សម្ភារៈ នៅផ្ទះ​លេខ​៣៩ ផ្លូវ​២៧១ ក្រុម​២៨ ភូមិ​៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បង្ក​ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ុល មនោ​រិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឯ​ជនរងគ្រោះ​ឈ្មោះ ប៉ុន ដា​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ លក់​ថ្នាំពេទ្យ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។
រី​ឯ​វត្ថុតាង​ដកហូត​បាន​មាន ទូរស័ព្ទ ០១​គ្រឿង ម៉ាក ណូគា (​របស់​ជនរងគ្រោះ ប្រគល់​ជូន​ម្ចាស់​វិញ​) និង​សម្ភារៈ​បាត់បង់​មាន កុំព្យូទ័រ​លេប​ថប ០១​គ្រឿង ពណ៌​ខ្មៅ ម៉ាក តូ​ស៊ី​បា និង​អីវ៉ាន់​មួយចំនួន ។
​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនរងគ្រោះ​ចាក់សោរ​ទ្វារផ្ទះ វេលា​ម៉ោង ០៨​និង​០០​នាទី ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ទៅ​ដើរលេង​នៅ​ក្រុងព្រះសីហនុ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១​និង​៣០​នាទី ជនសង្ស័យ​មាន​គ្នា ០៣​នាក់ ត្រូវ​អ្នកជិតខាង​បានឃើញ ក៏​ស្រែក​ថា ចោរៗ ហើយ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ជួយ​ដេញចាប់​ជនសង្ស័យ​ឈ្មោះ អ៊ុយ មនោ​រិទ្ធ រួម​នឹង​វត្ថុតាង រួច​ប្រគល់​ជូន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ទំនប់​ទឹក​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ និង​ស្វែងរក​ចាប់​បក្ខពួករ​បស់​ជនសង្ស័យ​ពីរ​នាក់​ទៀត ៕