Monday, February 16, 2015

តុលាការ​ចោទប្រកាន់​បុរស​ម្នាក់ ពី​បទ​រួមភេទ​ជាមួយ​អនីតិជន ក្រោម​អាយុ​១៥​ឆ្នាំ​

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ ដែល​ទើប​ចាប់បដិសន្ធិ​ឡើង បាន​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ស្រាប់តែ​ភាគី​ខាង​ប្រុស ធ្លាក់ខ្លួន​ចូល​ក្នុង​សំណាញ់​ច្បាប់ ក្លាយជា​អ្នកទោស​ស្នេហា ដោយសារតែ​ភ្លើង​ស្នេហ៍​ពុះកញ្ជ្រោល ដល់​កំរិត​ទ្រាំ​មិនបាន ភាគី​ខាង​ប្រុស​បបូ​ល​នាង ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ ឡើង​ឋានសួគ៌ ក្នុង​រាត្រី​ថ្ងៃ​Valentine’s day ។​
​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង ១៨​និង​០០​នាទី ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅផ្ទះ​ខាង​ប្រុស ដែល​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ ជនសង្ស័យ​ដែល​រង​ការចោទប្រកាន់​ឈ្មោះ ថា ស៊ីថាន ហៅ​ង៉ា អាយុ​២១​ឆ្នាំ រីឯ​ខាង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ភូមិ​បេង ឃុំ​អន្លង​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
​ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នា​ប៉ុន្មាន​ម៉ោង​ក្រោយ ពី​ម្ដាយ​ខាង​ស្រី​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​លូ​ង​លោម​កូនស្រី​គាត់ ដែល​នៅ​ក្មេងខ្ចី​យកទៅ​បង្ខំ​រួមភេទ ។ ប៉ុន្តែ​តាម​ចម្លើយ​របស់​សាមីខ្លួន​ទាំង​២​នាក់ គឺ​ពួកគេ​បាន​ព្រមព្រៀង​គ្នា សាក​រសជាតិ​ស្នេហ៍​គ្រា​ដំបូង​នេះ ក្នុង​ថ្ងៃ​Valentine’s day ដែល​ជា​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​ហៅ​ម្យ៉ាងទៀត​ថា ថ្ងៃបុណ្យ​សង្សារ ។​
​យុវជន​ឈ្មោះ​ថា ស៊ីថាន ហៅ​ង៉ា និង​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​បាន​ផ្ដល់​ចម្លើយ​ដូចៗ​គ្នា​ប្រាប់​សមត្ថកិច្ច ថា ពួកគេ​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ដែល​បាន​ស្គាល់​គ្នា​លើក​ដំបូង នៅក្នុង​ពិធី​មង្គលការ​មួយ​នៅក្នុង​ភូមិ ។ យុវជន​ស៊ីថាន បាន​និយាយ​អំពី​រឿង​នេះ​ថា ខ្លួន​បាន​ជួប​នាង​នៅ​គ្រា ដែល​ខ្លួន​ទៅ​រៀបចំ​ឆាក​ប្រគំ​តន្ត្រី ក្នុង​ពិធី​មង្គលការ​មួយ នៅក្នុង​ភូមិ​របស់​នាង ហើយ​ក៏​ជំពាក់​វា​ក់វិន​ស្នេហា​ជាមួយ​នាង​តែម្ដង ។​
​ចាប់ពីពេលនោះ​មក​ខ្លួន និង​នាង​តែង​ទូរស័ព្ទ​សារ​សង​គ្នា​មិន​ថា យប់ ឬ​ថ្ងៃ​នោះ​ទេ តែ​ភាគច្រើន គឺ​នាង​ជា​អ្នក​ទូរស័ព្ទ​មក​រក​ខ្លួន ។ យុវជន​ស៊ីថាន ហៅ​ង៉ា បាន​បំភ្លឺថា នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ នាង​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​ខ្លួន​ទៅ​ឌុប​នាង​មក​លេង​ផ្ទះ (​ផ្ទះ ជនសង្ស័យ​) ហើយ​ខ្លួន​ក៏​ខ្ចី​ម៉ូតូ​មិត្ត ជិះ​ទៅ​ឌុប​នាង​មកលេង​ផ្ទះ​ភ្លាមៗ​ដែរ ។ ស៊ីថាន បានបញ្ជាក់​ថា គ្រា​នោះ​ម្ដាយ​ឪពុក​ខ្លួន​មិន​នៅផ្ទះ​ទេ តែ​មាន​ក្មេងៗ​ប៉ុន្មាន​នាក់​ដែល​លេង​នៅ​ក្បែរ​ផ្ទះ​ខ្លួន ខណៈ​ខ្លួន​ក៏​អង្គុយ​ជជែក​លេង​ជាមួយ​នាង​នៅ​ក្រោម​ផ្ទះ​ដែរ ។​
​លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ខ្លួន​ក៏​ដើរ​ទៅ​ដេក​លើ​គ្រែ​ក្រោមផ្ទះ ហើយ​ភ្លាមនោះ​នាង​ក៏​ចូល​តាម​ដែរ ។ ដោយ​ភ្លើង​ស្នេហ៍​ពុះកញ្ជ្រោល​ដល់​កំរិត ខ្លួន​ក៏​បាន​ចាប់​អោប​ថើប​នាង រហូត​ឈានដល់​ការព្រមព្រៀង​រួមមេត្រី​ជាមួយគ្នា ចំនួន​២​លើក ក្នុង​រយៈពេល​តែ​កន្លះ​ម៉ោង នៅលើ​គ្រែ​ក្រោមផ្ទះ ដែល​បិទបាំង​ដោយ​ស្បៃ​វាំងនន ។ យុវជន ថា ស៊ីថាន បញ្ជាក់ថា ក្រោយ​ពី​រសជាតិ​ស្នេហ៍​គ្រា​ដំបូង របស់ខ្លួន និង​នាង​បាន​បញ្ចប់​ទៅ​យ៉ាង​តក់ក្រហល់  ស្រាប់តែ​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ខ្លួន​ល្មម ហើយ​បាន​នាំខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍​សួរនាំ​អំពី​រឿង​នេះ និង​ឃាត់ខ្លួន​តែម្ដង ។​
​សមត្ថកិច្ច​ស្រុក​សង្កែ​បាន​និយាយថា បើ​តាម​ស្ដាប់​ចម្លើយ​បំភ្លឺ​របស់​សាមីខ្លួន​ទាំង​២​នាក់ គឺ​ពួកគេ​មិន​បាន​ផ្ដល់​ចម្លើយ​ចោទប្រកាន់​ភាគី​ណាមួយ​ថា ជា​អ្នក​បង្ខិតបង្ខំ​ដើម្បី​រួម​ភេទ​នោះទេ ។ ពួកគេ​ហាក់​បាន​ព្រមព្រៀង​គ្នា​ក្នុង​រឿង​ស្នេហា​ភ្លើតភ្លើន​នេះ ។ ប៉ុន្តែ​ដោយសារ​តែ​ភាគី​ខាង​ស្រី​ទើប​មាន​អាយុ​១៣​ឆ្នាំ ទើប​លោក​ស្នងការ​ខេត្ត និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បញ្ជា​ឲ្យ​ឃាត់ខ្លួន​យុវជន​ថា ស៊ីថាន ហៅ​ង៉ា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោម​ការចោទប្រកាន់​ពី​បទ រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ។ នេះ​ជា​លទ្ធផល ក្នុង​ថ្ងៃ​ទិវា​បុណ្យ​នៃ​សេ​ក្ដី​ស្រលាញ់ ឬ​ថ្ងៃ​បុណ្យ​សង្សារ ៕ ​