ខេត្តកំពត ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ មានបុរសម្នាក់ រស់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានស្លាប់ ខណៈដែលគេអះអាងថា បានមករួមដំណេកជាមួយប្រពន្ធចុង លួចលាក់នៅភូមិព្រៃតឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ។
ប្រភពព័ត៌មានពីអ្នកភូមិព្រៃតឹក បាននិយាយថា ឈ្មោះកែវ ហៀន ហៅតាខ្មៅ ជាមន្ត្រីយោធា មានប្រពន្ធ និងផ្ទះនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលួចមកសែនជាមួយស្ត្រីវ័យក្មេងម្នាក់ នៅភូមិខាងលើ រយៈពេល៧ឆ្នាំហើយ តែមិនមានកូនទេ ។
ប្រភពព័ត៌មានដដែលបន្តថា បុរសខាងលើឧស្សាហ៍ស្កាត់មកជួបនាងទី២ ជាញឹកញាប់ ព្រោះនាងមានរូបសម្រស់ ដែលធ្វើឱ្យតាខ្មៅដោះដៃចេញមិនបាន តែនៅវេលាព្រឹកថ្ងៃទី១១ កុម្ភៈ តាមប្រភពថា តាខ្មៅបានបើករថយន្តដឹកភ្ញៀវ មកចូលរោងការមួយ នៅឃុំកំពង់ត្រាចខាងលិច ពេលដាក់ភ្ញៀវដល់ផ្ទះកូនក្រមុំហើយ តាខ្មៅបាននិយាយប្រាប់អ្នករួមដំណើរទាំងអស់ថា មកដេកផ្ទះមិត្តភក្តិនៅភូមិព្រៃតឹក ព្រោះបែកគ្នាយូរហើយ ពេលនោះតាខ្មៅ បានជួលម៉ូតូគេឱ្យដឹកមកឈប់នៅចំណុច ដែលខ្លួន ធ្លាប់ជួប ដោយមានកាន់ស្រាបៀរ ១៦កំប៉ុង មកផឹកជាមួយអ្នកភូមិ ២ទៅ៣នាក់ ប៉ុន្តែមិនស្រវឹងជោកជាំពេកទេ ។
បន្ទាប់មកតាខ្មៅបានមកដេកជាធម្មតានៅផ្ទះប្រពន្ធចុងវិញ ស្រាប់តែនៅវេលាម៉ោង៤ទៀបភ្លឺ អ្នកភូមិព្រៃតឹកនាំគ្នាភ្ញាក់ផ្អើលថា តាខ្មៅដាច់ខ្យល់ស្លាប់ហើយ ហើយអ្នកភូមិម្នាក់បានរកថ្នាំបុរាណមកឱ្យតាខ្មៅផឹកដែរ តែមិនធូរស្រាល ទើបបន្តដឹកទៅមន្ទីរពេទ្យស្រុកកំពង់ត្រាច តែពេលមកដល់ផ្សារដើមចំរៀកព្រំប្រទល់ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទើបដឹងថាតាខ្មៅបានស្លាប់តាំងពីយូរហើយ ក៏ឱ្យរថយន្តសាមុយរបស់មន្ទីរពេទ្យស្រុកកំពង់ត្រាចដឹកទៅភ្នំពេញ វិញទៅ។
តាមប្រភពមួយធ្លាយចេញពីអ្នកស្និទ្ធនឹងនាងប្រពន្ធចុងបានឱ្យ ដឹងថា បុរសដែលស្លាប់នេះ គឺជាមនុស្សស្លូតបូតណាស់ ពេលមកលេងផ្ទះនាងម្តងៗតែងជួយធ្វើការនាងមិនសម្រាកដៃទេ ។
បើតាមលោកហ៊ុន តេង ប្រធានឃុំប្រាសាទភ្នំខ្យង និងមន្ត្រីនគរបាលប៉ុស្តិ៍និយាយដូចគ្នាថា មូលហេតុជនរងគ្រោះស្លាប់នេះមកពីការរួមដំណេកច្រើនដងពេកទើប បណ្តាលឱ្យស្លាប់នៅលើបង្គង៕