Sunday, February 22, 2015

បុរស​ម្នាក់ សម្រេចចិត្ត​លោត​ធ្វើអត្តឃាត នៅ​ជាន់​ទី​៤ បណ្តាលឲ្យ​រងរបួស​ធ្ងន់ បាក់​ភ្លៅ​ស្តាំ និង​បែក​មាត់​សន្លប់​ស្តូកស្តឹង

រាជធានី​ភ្នំពេញ​៖ នៅ​សណ្ឋាគា​រហ្គោ​ឌិន​ស្តេ​ឌា​ម កម្ពស់​ជាង ១០​ជាន់ ត្រូវបាន​បុរស​ម្នាក់ សម្រេចចិត្ត​លោត​ធ្វើអត្តឃាត នៅ​ជាន់​ទី​៤ បណ្តាលឲ្យ​រងរបួស​ធ្ងន់ បាក់​ភ្លៅ​ស្តាំ និង​បែក​មាត់​សន្លប់​ស្តូកស្តឹង ដោយ​គេ​សង្ស័យថា គាត់​ជា​កម្មករសំណង់ ហើយ​មិន​ត្រូវបាន​ថៅកែ បើក​ប្រាក់ខែ ឲ្យចំ​នួន​២​ខែ មកហើយ ទើប​តូចចិត្ត លោត​សម្លាប់ខ្លួន​បែបនេះ ។ ហេតុការណ៍​នេះ បាន​កើតឡើង នៅវេលា​ម៉ោង ០៦​និង​៤០​នាទី ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភះ ឆ្នាំ​២០១៥ ក្បែរ​ស្តា​ត​ចាស់ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​នគរបាល​ប៉ុស្ដិ៍​ស្រះចក បានឲ្យដឹងថា គ្មាន​នរណា​ស្គាល់ ពី​អត្ដ​សញ្ញាណ​របស់​បុរស​នោះ​ទេ ។ បុរស​ជា​អត្តឃាត​ជន​ម្នាក់នេះ មាន​អាយុ​ប្រហែល​ជាង ២០​ឆ្នាំ ។​
​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ នៅ​កន្លែងកើតហេតុ ហើយ​ត្រូវ​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង​កើតហេតុ បាន​និយាយថា ជនរងគ្រោះ​ជា​កម្មករ​សំណង់ នៅ​អគារ​ដែល​កំពុង​សាងសង់​មួយ​នេះ ប៉ុន្ដែ​មេការ​នៃ​ការដ្ឋាន​សំណង់​នោះ បាន​បដិសេធថា មិនមែន​ជា​កម្មករ នៅ​ទីនោះ​ឡើយ ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​រូបនេះ ត្រូវបាន​នគរបាល​ប៉ុស្តិ៍ ហៅ​ម៉ូតូ​កង់​បី ឌុប​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការសង្គ្រោះ​ផងដែរ ៕