Sunday, February 22, 2015

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញដល់មន្រ្តីរបស់ខ្លួន ឲ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៥នេះ បាន​ធ្វើការ​អំពាវ​នាវឲ្យ មន្រ្តីទទួលបន្ទុកធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ក្រសួងមហាផ្ទៃ ត្រូវធ្វើយ៉ាង​បង្កើន​ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ ឯកសារ សម្រាប់ បោះឆ្នោត និង​សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងពិធី​បើក​សន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃថា អគ្គនាយកអត្តសញ្ញាណកម្ម ត្រូវរកបញ្ហាប្រឈម ដែលរារាំងដល់សកម្មភាព ធ្វើអត្ត​សញ្ញាណប័ណ្ណនេះ​ ហើយព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីឲ្យការធ្វើអត្តសញ្ញាណប័ណ្ណ ប្រើ​ប្រាស់​ពេលវេលា កាន់តែខ្លី ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺមិនមែនពឹងផ្អែក លើតែ​អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម តែមួយ នោះទេ គឺត្រូវធ្វើការសហការគ្នា ជាមួយមន្រ្តី​អាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងមន្រ្តីស៊ីវិល និងមន្រ្តីនគរបាល ។
គួររំលឹកថា ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានចេញ​សេចក្តី​អំពាវ​នាវមួយឲ្យ ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលមានអាយុចាប់​ពី១៥ឆ្នាំឡើងទៅ ដែល​មិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬប្រជាពលរដ្ឋ ដែលមាន អត្តសញ្ញាណប័ណ្ណ ហើយប៉ុន្តែបានបាត់ ឬខូច សូមទៅបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនៅតាម មូលដ្ឋានដែល ខ្លួនរស់នៅ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង បន្តថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ច្បាប់បោះឆ្នោតថ្មី ដែលគ្រោងនឹងដាក់ឲ្យ សភាបោះឆ្នោតអនុម័តនៅពេលខាងមុខនេះ នឹងតម្រូវឲ្យប្រជាពលរដ្ឋ យកអត្តសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដែលកិច្ចការនេះ តម្រូវ​ឲ្យយើងត្រូវពន្លឿនធ្វើយ៉ាងណា ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យគ្រប់ចំនួន។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ការងារការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ប្រមូល ទិន្នន័យ និងបោះពុម្ភរួចមានចំនួនជិត៣លាន៥សែននាក់ ប្រគល់ជូនរាជធានីខេត្ត ជាង ៣លាន២សែន​​នាក់ លើផែនការ ជាង៧លាននាក់ ៕
http://police.gov.kh/news/leading-activity-7/2015-02-23-12-13-32-11455