Monday, February 23, 2015

ថ្ងៃនេះ លោក អាឡិច ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ

រាជធានីភ្នំពេញ​៖ ជើងហោះហើរ​ថៃ​អ៊ែរ​វេ TG 585 ដែល​ដឹក​លោក អា​ឡិច នៅ​ម៉ោង ៨ និង​៥៨​នាទី​យប់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​វិល​កង់​ហោះហើរ​បោះពួយ​ទៅលើ​វេហារ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ជាមួយ​ការស្រែក​តវ៉ា ពី​ក្រុម​អ្នកគាំទ្រ​ប្រមាណ ១០០​នាក់ នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អាកាសចរណ៍​បានឲ្យដឹងថា ជើងហោះហើរ​របស់លោក​អា​ឡិច នឹង​ចុះចត​នៅ​ទីក្រុង​បាងកក បន្ទាប់មក​ទើប​មាន​ការផ្លាស់ប្តូរ​ជើងហោះហើរ ហោះ​ឆ្ពោះទៅ​កាន់​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ​។​
​លោក អា​ឡិច អ្នកប្រឆាំង​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង នៅ​ខេត្ត​កោះកុង ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម ថា​ជា​អ្នក​ការពារ​បរិស្ថាន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ម៉ោង​ប្រមាណ ១ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្បែរ​ផ្សារ​រាត្រី បន្ទាប់​ពី​ទិដ្ឋាការ​របស់​លោក​ផុត​សុពលភាព​កាល ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ​។​​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានឲ្យ​ដឹង​ផងដែរ​ថា លោក អា​ឡិច មិន​ត្រឹមតែ​មិន​ស្តាប់​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​នោះទេ សូម្បី​តែ​អាណាព្យាបាល​របស់​ខ្លួន ពោល​ឯកអគ្គរដ្ឋទូត​អេ​ស្ប៉ាញ​ប្រចាំ​នៅ​កម្ពុជា​ប្រាប់ ឲ្យចេញ​ពី​កម្ពុជា ក៏​លោក​មិន​ស្តាប់​ផងដែរ​។​
​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចុះ​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​សកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​គាំទ្រ​ដល់​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្ពុជា​។ សម្តេច បាន​ឲ្យ​លោក អា​ឡិច ចាកចេញ​ពី​កម្ពុជា​មួយ​រយៈពេល​សិន កុំ​នៅ​បង្ក​ព្យុះភ្លៀង​នៅ​កម្ពុជា​។​
​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​ថា «​គ្រាន់​តែ​រឿង​ចឹង​សោះ ឆ្លេឆ្លា សរសេរ​លិខិត​ថ្វាយ ព្រះមហា ក្សត្រ ហើយ​មក​រវល់​ជាមួយ​នាយក​រដ្ឋមន្ត្រី រក​តែ​ពេល​ដេក​គ្មាន ផ្តាំផ្ញើ​តាម​មាត់​អត់​ទេ​។ លិខិត​របស់​អគ្គនាយក អន្តោប្រវេសន៍​ប្រាប់ថា លោក​ឯង​អស់​វី​សារ​ហើយ វី​សារ​គេ​គង់តែ​ធ្វើ​ទេ​កុំ​ឆ្ងល់​ពេក​។ បើ​អ្នកឯង​អស់​ទិដ្ឋាកា​រហើយ ត្រូវតែ​ចេញ​»​។​
​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ លោក អាឡិក​ហ្សង់​ដ្រូ ហ្គន់​ហ្សា​ឡេស ដេ​វិតសិន បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ១០​ឆ្នាំ មកហើយ ហើយ​ទិដ្ឋាការ​របស់​លោក​ផុតកំណត់​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅនេះ ។​
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​រូប​លោក​រស់​នៅក្នុង​ប្រ​ទេស កម្ពុជា បន្តទៅទៀត​នោះ​ទេ​។​
​ការ​មិន​បន្ត​ទិដ្ឋាការ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​បុរស​អេ​ស្ប៉ាញ​រូបនេះ បានធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង និង គម្រោង​សាងសង់​វា​រី​អគ្គីសនី​នៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូហាយ​ដ្រូ​។​
​ការមិន​ផ្តល់​ទិដ្ឋ​ការនេះ បាន​ធ្វើឲ្យ​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា ចេញមុខ​ស្វែងរក កិច្ច​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និង​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​ក​រុ ណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ផងដែរ​។ ទោះជា​យ៉ាងណា កិច្ច​អន្តរាគមន៍​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា មិន​មាន​ប្រសិទ្ធភាព​នោះទេ​។​
​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​មាន អធិបតេយ្យភាព​របស់​ខ្លួន មិន​ថា​ជន​បរទេស ឬ ប្រជា​ពលរដ្ឋ​ខ្មែរ​នោះទេ អ្នក​ដែល​ធ្វើ​ខុសច្បាប់​ត្រូវតែ​មាន​ទោស​៕​

http://www.dap-news.com/2011-06-14-02-39-55/86739-2015-02-23-14-00-24.html