ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដើរឆ្លងថ្នល់ ត្រូវម៉ូតូបុក បណ្តាលឲ្យរងរបួសធ្ងន់ ទាំងអ្នកបើកម៉ូតូនិងអ្នកដើរ ត្រូវបានកម្លាំងនគរបាល ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ទាំង ០២នាក់ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៦និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A មុខផ្សារពង្រ ស្ថិតក្នុងភូមពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ប្រភពព័ត៌មានពីនគរបាលក្រុង បានឲ្យដឹងថា ស្ត្រីរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯអ្នកបើកបរម៉ូតូ ក៏មិនទាន់ស្គាល់ដែរ ព្រោះទាំងអ្នកបើកបរម៉ូតូ និងអ្នកដើរ រងរបួសធ្ងន់ទាំង ០២នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ដឹកខេត្តដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។
តាមសាក្សីនៅកន្លែងកើតហេតុ ប្រាប់ថា ដំបូងគេឃើញស្ត្រីម្នាក់នេះ បានដើរឆ្លងថ្នល់ ទិសដៅពីកើតទៅលិច ស្របពេលនោះ មានរថយន្តបើកកាត់មុខ ក៏អាក់ដំណើរ ពេលនោះស្រាប់តែមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1G.1355 បើកក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពីក្រោយ បណ្តាលឲ្យរងរបួសទាំង ០២នាក់ ។ ម៉ូតូខូចខាត បែកអាវទាំងសងខាង ត្រូវបានយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលក្រុង រងចាំធ្វើការដោះស្រាយពេលក្រោយ ៕