ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ០៩និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្រុមទី៩ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយរឹបអូសបានយ៉ាម៉ាចំនួន ១៣គ្រាប់ និងសម្ភារៈមួយចំនួន ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាលទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ភ្លាមៗនោះ លោកបាននាំកម្លាំង ១ក្រុម ចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មាន ទី១. ឈ្មោះ ឆែម ឆូត ភេទប្រុស អាយុ២៨ឆ្នាំ, ទី២. ឈ្មោះ សេក ដា ភេទប្រុស អាយុ៤៤ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ព្រមទាំងរឹបអូសបានថ្នាំញៀនចំនួន ០៦គ្រាប់ លាក់ទុកក្នុងកញ្ចប់បារី ។ បន្ទាប់ពីការសាកសួរជនសង្ស័យទាំងពីរនាក់ កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ភួង សំអាត ភេទប្រុស អាយុ៣១ឆ្នាំ រស់ នៅភូមិជាមួយគ្នាខាងលើ ព្រមទាំងរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន ០៧គ្រាប់ទៀត នាំយកមកអធិការស្រុក ដើម្បីសហការសួរចម្លើយ ។
បន្ទាប់ពីសួរចម្លើយជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕