Saturday, February 21, 2015

សម្រេច​ឃុំខ្លួន​ម្ចាស់​រថយន្ត​អូ​ឌី ពី​បទ​ជួញដូរ​គ្រឿងញៀន និង​មិន​គោរព​កាតព្វកិច្ច របស់​តុលាការ​


រាជធានី​ភ្នំពេញ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ចេញ​ដី​ការសម្រេច​ឃុំខ្លួន ឈ្មោះ ថាវ ថា​វី ហៅ ឡុង រ៉ាវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ក្រោម​ការចោទប្រកាន់ ពី​បទ​មិន​គោរព​កាតព្វកិច្ច របស់​តុលាការ ដែល​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដាក់​ស្ថិត​ក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ​នោះ ។​
​ជន​ត្រូវ​ចោទ ឈ្មោះ ថាវ ថា​វី ត្រូវបាន​សមត្តកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​ការចាប់ខ្លួន​នោះ លោក​វរសេនីយ៍ត្រី តី វិសាល អនុប្រធាន​ការិយាល័យ ហៅថា ជា​ការអនុវត្ត​តាម​ដីការ បញ្ជា​ឱ្យ​ចូល​ខ្លួន របស់​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ ។​
​ជាមួយ​និង​ការឃុំខ្លួន ឈ្មោះ ថាវ ថា​វី ហៅ ឡុង រ៉ាវី កាលពី​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​អូ​ឌី ០១​គ្រឿង ជា​របស់​ឈ្មោះ ថាវ ថា​វី ដែល​ជា​វត្ថុតាង​ដកហូត ពី​បទល្មើស​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវបាន​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង ដកចេញ​ពី​ដំណែង ឱ្យ​កូន ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មករា  យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​នោះ បានឃើញ​យក​ទៅ​ទុក​នៅ​សលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ ។​
​សូម​រំលឹក​ថា ឈ្មោះ ថាវ ថា​វី ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួនបាន ដោយ​អនុវត្ដ​តាម​ដី​ការ​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ៕